រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង សុំទោសប្រជាជន ក្រោយសោកនាដកម្មជាន់គ្នា ស្លាប់មនុស្សជាង១៥០នាក់ (Video inside)
01-11-2022 13:44
(សេអ៊ូល)៖ រដ្ឋមន្រ្តីមហាផ្ទៃនិងសុវត្ថិភាពនៃប្រទេសកូរ៉េខាងត្បូង លោក លី សាងមីន (Lee Sang-min) នាថ្ងៃអង្គារនេះ បានចេញមុខសុំទោស ជុំវិញហេតុការណ៍សោកនាដកម្មជាន់គ្នាស្លាប់ កំលុងបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១៥៦នាក់។ នេះបើតាមកចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
ការសុំអភ័យទោសខាងលើកើតមានឡើង ចំពោះមុខការរិះគន់កាន់តែខ្លាំងថា ប៉ូលិសក៏ដូចជាទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត បរាជ័យក្នុងការគ្រប់គ្រងហ្វូងមនុស្ស កំលុងបុណ្យ Halloween នៅឯសង្កាត់អ៉ីតែវ៉ុន (Itaewon) ដែលជាតំបន់ពេញនិយមបំផុត ប្រចាំរដ្ឋធានីសេអ៊ូល សម្រាប់ការដើរលេងកម្សាន្តពេលរាត្រី ដ្បិតវាគឺជាបុណ្យ Halloween លើកដំបូងបំផុត ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងយប់កើតហេតុ មនុស្សរហូតដល់ខ្ទង់១០០,០០០នាក់ ត្រូវគេរាយការណ៍ថា បានទៅប្រមូលផ្តុំនៅតំបន់អ៉ីតែវ៉ុន។
គួរបញ្ជាក់ថា លោក លី សាងមីន បានឱនមុខសុំអភ័យទោសក្នុងសវនាការមួយ ដែលធ្វើឡើងនៅសភា ដោយនិយាយដូច្នេះថា «ខ្ញុំសុំទោសជាខ្លាំងចំពោះសាធារណជន ដែលឧបទ្ទវហេតុនាពេលថ្មីៗនេះអាចកើតឡើងទៅបាន បើទោះបីរដ្ឋាភិបាលមានបន្ទុក ទទួលខុសត្រូវយ៉ាងធំធេង សម្រាប់សុខសុវត្ថិភាពរបស់ប្រជាជន»។ ជនរងគ្រោះភាគច្រើន ដែលបានបាត់បង់ជីវិត គឺជាយុវវ័យ និងអ្នកដែលមានអាយុក្រោម៣០ឆ្នាំ។ ក្រុមស៉ើបអង្កេតឯករាជ្យមួយ ក៏ត្រូវបានបង្កើតឡើងសម្រាប់ ហេតុការណ៍សោកនាដកម្មនេះផងដែរ៕