លោក ពូទីន ផ្ញើសារចូលរួមរំលែកទុក្ខដល់មេដឹកនាំឥណ្ឌា ចំពោះករណីបាក់ស្ពាន (Video inside)
31-10-2022 17:28
(មូស្គូ)៖ ប្រធានាធិបតិរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានសម្តែងការចូលរួមរំលែកទុក្ខចំពោះហេតុការណ៍បាក់ស្ពាន ដែលបានបណ្តាលឲ្យប្រជាជនឥណ្ឌាស្លាប់ជាង១០០នាក់ ទៅកាន់ប្រធានាធិបតីឥណ្ឌា លោក ឌ្រូប៉ាឌី ម៊ើម៊ូ (Droupadi Murmu) និងនាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
សារចូលរួមរំលែកទុក្ខរបស់លោក ពូទីន ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយថ្នាក់ដឹកនាំឥណ្ឌា ចំពោះសោកនាដកម្មនៃការបាក់រលំស្ពាន នៅរដ្ឋ ហ្គូចារ៉ាត់ (Gujarat)»។ លោក ពូទីន ក៏បានសម្តែងក្តីអាណិតអាសូរ និងគាំទ្រដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ហើយជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ស្ពានថ្មើរជើងឆ្លងកាត់ពីលើទន្លេម៉ាឈូ (Macchchhu) ក្នុងទីក្រុង ម័រប៊ី (Morbi) បានបាក់កាលពីថ្ងៃអាទិត្យ។ យោងតាមទិន្នន័យចុងក្រោយ មនុស្ស១៤១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានស្លាប់ ចំណែក១៧៧នាក់ រងរបួស។ ស្ពាននេះជាកន្លែងទេសចរណ៍ដ៏ពេញនិយម និងបានសាងសង់ជាង១០០ឆ្នាំមកហើយ៕