(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីពង្រឹងការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។
កញ្ចប់ជំនួយយោធាថ្មីនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលគ្រាប់រំសេវ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត HIMARS បន្ថែមទៀត ហើយវាអាចត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ពេលវេលានៅអាមេរិក)។ ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានបដិសេធបញ្ជាក់ព័ត៌មានលម្អិតស្តីពីជំនួយនេះ តែបាននិយាយថាឃ្លាំងអាវុធថ្មីសម្រាប់អ៊ុយក្រែន នឹងត្រូវប្រកាសក្នុងពេល «ឆាប់ៗនេះ»។
គួរបញ្ជាក់ថា គិតចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានបញ្ជូនជំនួយសន្តិសុខ ដែលមានតម្លៃប្រហែល ១៧.៦ពាន់លានដុល្លារហើយ ទៅកាន់ទីក្រុងកៀវ។ ក្រុមមន្រ្តីអាមេរិក ក៏បានឲ្យដឹងដែរថា សហរដ្ឋអាមេរិកកំពុងពិចារណា បញ្ជូនឧបករណ៍ការពារដែនអាកាស HAWK ចេញពីឃ្លាំងផ្ទុករបស់ខ្លួនទៅឲ្យអ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ី ឬការវាយប្រហារដោយមីស៊ីល៕