(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មិនបានមើលឃើញថាមានសញ្ញាណាមួយដែលបង្ហាញថាសមយុទ្ធប្រចាំឆ្នាំរបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ី លួចលាក់ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរពិតៗនោះទេ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។
លោក ពូទីន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចុះត្រួតពិនិត្យការធ្វើសមយុទ្ធប្រចាំឆ្នាំមានឈ្មោះថា «Grom» ដែលមានការចូលរួមពីកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់រុស្ស៉ី ព្រមទាំងការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប នាវាមុជទឹក និងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ ជុំវិញ សមយុទ្ធប្រចាំឆ្នាំនេះដែរដែលធ្វើឡើង ចំពេលទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៉ីកំពុងឡើងកម្ដៅខ្លាំង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនបាន មើលឃើញសញ្ញាណាមួយដែលអាចឱ្យយើងជឿបានថាមានការធ្វើសកម្មភាពលួចលាក់នោះទេ»។
គួរបញ្ជាក់ថា បើតាមលោក អូស្ទីន លោកផ្ទាល់ថាមិនជឿទេថាលោក ពូទីន បានសម្រេចចិត្តរួចហើយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក តែជាមួយគ្នាលោក ក៏មិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបបែបណាឡើយនោះដែរ ក្នុងករណីមូស្គូពិតជាប្រើអាវុធមួយនេះមែននោះ៕