(ប៉ារីស)៖ ប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ (២៧ តុលា) បានអះអាងថា «កុប្បកម្ម» ដែលបង្កឡើងដោយការស្លាប់របស់កញ្ញា Mahsa Amini បានត្រួសត្រាយផ្លូវ សម្រាប់ការវាយប្រហារ «ភេរវករ» មួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់នៅទីសក្ការបូជាមូស្លីមមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហារបង្ហូរឈាមនៅក្នុងទីក្រុង Shiraz ភាគខាងត្បូង បានកើតឡើងនៅពេលដែលអ្នកកាន់ទុក្ខរាប់ពាន់នាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ កញ្ញា Amini កាលពីថ្ងៃពុធនៅស្រុកកំណើតរបស់នាង ភាគខាងលិច ៤០ថ្ងៃបន្ទាប់ពីការស្លាប់របស់នាង នៅក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌។
ប្រធានាធិបតីអភិរក្សនិយមជ្រុល លោក Ebrahim Raisi បាននិយាយថា «ចេតនារបស់សត្រូវគឺដើម្បីបង្អាក់ការរីកចំរើនរបស់ប្រទេស ហើយបន្ទាប់មកកុប្បកម្មទាំងនេះបានត្រួសត្រាយផ្លូវសម្រាប់អំពើភេរវកម្ម»។
លោក Raisi បានប្តេជ្ញា «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ជុំវិញការសម្លាប់រង្គាលនៅឯវិហារអ៊ីស្លាម Shah Cheragh របស់និកាយស៊ីអ៊ីត ក្នុងអំឡុងពេលអធិស្ឋានពេលល្ងាច ដែលជាការវាយប្រហារមួយ ដែលត្រូវបានអះអាងដោយក្រុមជ្រុលនិយមស៊ុននីរបស់ក្រុមរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា បាតុកម្មបន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩៕