(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានអះអាងថា ចិនបានសម្រេចចិត្តលែងទទួលយកតទៅទៀតហើយ នូវស្ថានភាពដើមនៃស្ថានការណ៍តៃវ៉ាន់ ហើយបានចាប់ផ្តើមបង្កើនសម្ពាធកាន់តែខ្លាំងឡើង ទៅលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។
លោកប្រមុខការទូតអាមេរិកបានលើកឡើងថា ចិនបានផ្លាស់ប្តូរការយល់ជាមូលដ្ឋាន ដែលមានរយៈពេលរាប់ទសវត្សរ៍មកហើយ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង ដែលកំណត់ថា បញ្ហាកោះតៃវ៉ាន់នឹងត្រូវដោះស្រាយដោយសន្តិវិធី។ លោក ប្លីងខិន បាននិយាយដូច្នេះថា «អ្វីដែលបានផ្លាស់ប្តូរគឺ ការសម្រេចចិត្តដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលថាស្ថានភាពដើមលែងអាចទទួលបានតទៀតហើយ ហើយពួកគេចង់បង្កើនល្បឿនដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់»។
លោក ប្លីងខិន បានបន្តថា ចិនក៏បានសម្រេចចិត្តបង្កើនសម្ពាធបន្ថែមលើតៃវ៉ាន់ផងដែរ ហើយរក្សាទុកនូវលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចគោលដៅរបស់ខ្លួន ប្រសិនបើយុទ្ធសាស្រ្តដាក់សម្ពាធពុំមានប្រសិទ្ធភាព។ លោកថាទីក្រុងវ៉ាស៉ីនតោន មិនចង់ឱ្យមានសង្រ្គាមត្រជាក់ថ្មីទេ ហើយក៏មិនបានព្យាយាមរាំងខ្ទប់ចិនដែរ ប៉ុន្តែលោកបានបន្ថែមថា អាមេរិកគឺមុតមាំនិងក្រោកឈរជានិច្ច ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
កាលពីសប្តាហ៍មុន លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងថា ទីក្រុងប៉េកាំងកំពុងសម្លឹងឃើញពេលវេលាលឿនជាងមុន ក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ ប៉ុន្តែលោកមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់តែម្តងនោះឡើយ។ ក្នុងខែតុលានេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយថា ទីក្រុងប៉េកាំងនឹងមិនបោះបង់ចោល ជម្រើសប្រើប្រាស់កម្លាំងយោធាដាច់ខាត ជុំវិញបញ្ហាកោះតៃវ៉ាន់ ប៉ុន្តែនឹងព្យាយាមផ្តោតលើដំណោះស្រាយដោយសន្តិវិធី៕