(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃពុធ (ថ្ងៃទី២៦ ខែតុលា) នេះ បានពន្យារពេលផែនការថវិកាដែលត្រូវបានគេរង់ចាំយ៉ាងអន្ទះសារទៅសប្តាហ៍ក្រោយ ខណៈដែលមេដឹកនាំវ័យក្មេងថ្មីរូបនេះបានចូលធ្វើការ បន្ទាប់ពីភាពចលាចលនយោបាយអស់ជាច្រើនសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន លោក Sunak នឹងចូលតតាំងនៅក្នុងសភាជាលើកដំបូង ដើម្បីប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំង លោក Keir Starmer ដែលកំពុងទាមទារឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។
គួរបញញ្ជាក់ថា លោក Sunak ដែលជាអ្នកនយោបាយដ៏មានបំផុតម្នាក់ក្នុងតំបន់ Westminster បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថ្មី បន្ទាប់ពីបេក្ខជនផ្សេងទៀត បានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ខណៈដែលប្រទេសមួយនេះកំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលបង្កឡើងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ។
ថ្លែងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស លោកបានប្រកាសដាក់អាទិភាពស្ថានភាពសេដ្ឋកិច្ច និងការស្តាទំនុកចិត្តឡើងវិញ ជាបេះដូងនៃរដ្ឋាភិបាលរបស់លោក៕