(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ នៅថ្ងៃពុធនេះ បានលើកឡើងថា ទីក្រុងប៉េកាំងនឹងបង្កើនសម្ពាធរបស់ខ្លួន ផ្នែកការទូតមកលើតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជាប់ជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិន សម្រាប់អាណត្តិទី៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ស៉ី ត្រូវបានគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសរើសឱ្យបន្តធ្វើជា អគ្គលេខាធិការបក្សដដែល សម្រាប់អាណត្តិទី៣ នាំឱ្យលោកក្លាយជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសចិន គិតចាប់តាំងពីលោក ម៉ៅ សេទុង មក។
ទីក្រុងប៉េកាំងប្រកាន់ជំហរយ៉ាងរឹងមាំជាប់ជានិច្ចថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន ហើយបានប្តេជ្ញានឹងបង្រួបបង្រួមគ្នាឡើងវិញ ទោះជាត្រូវប្រើកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។ ជាច្រើនឆ្នាំកន្លងមកនេះ ចិនបានចំណាយពេលបញ្ចុះបញ្ចូល សម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ ឱ្យផ្តាច់ចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ ហើយងាកទៅរកខ្លួនវិញ។
នៅថ្ងៃពុធនេះ ប្រមុខការទូតតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) បាននិយាយដូច្នេះថា «វាអាចទៅរួចដែលស្ថានការណ៍ការទូតរបស់យើង នឹងកាន់តែយ៉ាប់យ៉ឺនឡើង។ យើងទទួលបានព័ត៌មានគួរឱ្យបារម្ភមួយចំនួន ប៉ុន្តែយើងសង្ឃឹមថាទំនាក់ទំនងការទូតរបស់យើង នឹងទទួលរងឥទ្ធិពលដោយសារចិនឡើយ។ ទោះយ៉ាងណាស្ថានទូតនិងបេសកកម្មការទូតយើងទាំងអស់ កំពុងត្រៀមខ្លួនជាប់។ យើងនឹងផ្ទៀងផ្ទាត់ព័ត៌មានបន្ថែម ហើយចាត់វិធានការដើម្បីពង្រឹងទំនាក់ទំនងការទូត ឱ្យកាន់តែរឹងមាំ»។ បច្ចុប្បន្ននេះមានប្រទេសចំនួន១៤ ដែលនៅភ្ជាប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ប៉ុន្តែភាគច្រើនសុទ្ធតែជាប្រទេសដីកោះតូចៗប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់ បានកើនឡើងខ្លាំងកាលពីខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់ ដើម្បីឆ្លើយតបចំពោះការបំពេញទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក។ ទីក្រុងប៉េកាំងតែងតែចេញមុខរិះគន់ ចំពោះសកម្មភាពការទូតទាំងឡាយ ដែលអាចផ្តល់ការទទួលស្គាល់ជាអន្តរជាតិដល់តៃវ៉ាន់ ហើយបានឆ្លើយតបដោយខឹងសម្បារជានិច្ច ចំពោះដំណើរទស្សនកិច្ច របស់ក្រុមអ្នកនយោបាយលោកខាងលិច នៅទីក្រុងតៃប៉ិ៕