(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅថ្ងៃអង្គារ (ទី២៥ ខែតុលា) បានអបអរសាទរប្រធានាធិបតីចិន លោក Xi Jinping ចំពោះការតែងតាំង ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ទី២៥ ខែតុលា ឆ្នាំ២០២២។
លោក Lee ក៏បានផ្ញើលិខិតអបអរសាទរទៅកាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយថ្មី លោក Li Qiang ដែលស្ថិតនៅលើផ្លូវក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសចិនផងដែរ។
លោក Lee បានសរសេរនៅក្នុងលិខិតរបស់លោក ទៅកាន់លោក Xi Jinping ថា «សូមទទួលយកការអបអរសាទរដ៏កក់ក្តៅបំផុតរបស់ខ្ញុំ ចំពោះការតែងតាំងឡើងវិញរបស់អ្នក ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងភាពជោគជ័យនៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន»។
លោកបានបន្តថា «អ្នកបន្តដឹកនាំបក្សកុម្មុយនិស្តចិន និងប្រទេសចិននៅចំនុចប្រសព្វដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសចិន ចំពេលបរិយាកាសពិភពលោកដ៏ស្មុគស្មាញមួយ។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំដ៏មានសមត្ថភាពរបស់អ្នក ប្រទេសចិននឹងបន្តឆ្ពោះទៅរកគោលដៅរយៈពេលវែងរបស់ខ្លួន យកឈ្នះលើបញ្ហាប្រឈមរបស់ខ្លួន និងរីករាយជាមួយស្ថិរភាព និងវិបុលភាពជាច្រើនឆ្នាំទៀត»។