(បាសេឡូណា)៖ មនុស្សជាង ២៩,០០០នាក់ បានស្លាប់ក្នុងការធ្វើដំណើរចំណាកស្រុកទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៤ ក្នុងនោះ ៥,០០០ នាក់បានស្លាប់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។

គម្រោងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានអំពី «ការកើនឡើងចំនួនអ្នកស្លាប់នៅលើផ្លូវឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅព្រំដែនដីគោកទៅកាន់អឺរ៉ុប និងនៅក្នុងទ្វីប»

យោងតាមរបាយការណ៍របស់ខ្លួន ផ្លូវធ្វើចំណាកស្រុកដែលមានមនុស្សស្លាប់ច្រើនជាងគេនៅតែបន្ត គឺនៅតំបន់មេឌីទែរ៉ាណេកណ្តាល ដែលជនចំណាកស្រុក និងជនភៀសខ្លួនចំនួន ២,៨៣៦នាក់បានស្លាប់ ចាប់តាំងពីខែមករា ឆ្នាំ២០២១ ដែលព្យាយាមទៅដល់ប្រទេសអ៊ីតាលី ឬម៉ាល់តា ដោយឆ្លងកាត់ភាគច្រើនពីប្រទេសលីប៊ី និងទុយនេស៊ី។

ផ្លូវទីពីរដែលមានអ្នកស្លាប់ច្រើនដែរនោះ គឺផ្លូវអាត្លង់ទិកពីអាហ្រ្វិកខាងលិច ទៅកាន់កោះកាណារីរបស់អេស្ប៉ាញ ដែលមានអ្នកស្លាប់ច្រើនជាង ១,៥០០នាក់ត្រូវបានកត់ត្រាចាប់តាំងពីឆ្នាំ២០២១។

ទន្ទឹមគ្នានេះ ក្រុមអ្នកស្រាវជ្រាវរបស់គម្រោងនេះបានទទួលស្គាល់ផងដែរថា តួរលេខខាងលើទំនងជាមានចំនួនតិចជាងការពិត ដោយសារការលំបាកក្នុងការប្រមូល និងបញ្ជាក់ព័ត៌មានស្តីពី «ការលិចកប៉ាល់ដែលមើលមិនឃើញ» ដែលជាទូកដែលបាត់នៅសមុទ្រដោយគ្មានសាក្សី៕