(ឡុងដ៍)៖ នៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាល បានតែងតាំងប្រធានគណបក្សថ្មីរបស់បក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច គឺលោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ​AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ការតែងតាំងផ្លូវការខាងលើធ្វើឡើង ខណៈលោក ស៊ូណាក់ បានចូលគាល់ព្រះអង្គឆាល នៅព្រះរាជវាំងបាក់ឃីងហាម (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីព្រះអង្គបានទទួលយក ការលាលែងពីតំណែងជាផ្លូវការ របស់អតីតនាយករដ្ឋមន្រ្តី លោកស្រី លីស ត្រាស់ (Liz Truss) ដែលទើបតែបានចូលគាល់ទ្រង់ដូចគ្នា មុនលោក ស៊ូណាក់។

គួរបញ្ជាក់ថា លោកស្រី ត្រាស់ បានប្រកាសលាលែងពី តំណែងប្រធានបក្សអភិរក្សនិយម និងតំណែងនាយករដ្ឋមន្រ្តី កាលពីសប្តាហ៍មុន ក្រោយកាន់តំណែងបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារលោកស្រីបានប្រកាសផែនការសេដ្ឋកិច្ចមួយ ដែលទទួលរងការរិះគន់យ៉ាងខ្លាំង។ រីឯលោក ស៊ូណាក់ បានក្លាយជា​ប្រធានបក្សថ្មី ក្រោយទទួលបានសំឡេង​គាំទ្រច្រើនដាច់គេ ពីសំណាក់ក្រុមសមាជិកសភាបក្សអភិរក្សនិយម ហើយបេក្ខជនដទៃទៀតដកខ្លួនចេញអស់ ក្នុងនោះរួមមានទាំងអតីតនាយករដ្ឋមន្រ្តី លោក បូរីស ចនសុន។

តាមពិតទៅ កាលពីពេលលោក ចនសុន បានលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម ក៏ដូចជាតំណែងនាយករដ្ឋមន្រ្តី លោក ស៊ូណាក់ និង លោកស្រី ត្រាស់ គឺជាបេក្ខជន​ ដែលត្រូវបានជម្រុះឱ្យនៅសល់ត្រឹម ២នាក់ចុងក្រោយ ក្នុងការប្រជែកយកតំណែងជាមេដឹកនាំថ្មី ប៉ុន្តែលោក ស៊ូណាក់ បានចាញ់សំឡេងគាំទ្ររបស់លោកស្រី ត្រាស់ ហើយលោកស្រី ត្រាស់ ក៏បានឡើងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៦ ខែកញ្ញា ក្រោមការតែងតាំងរបស់ អតីតមហាក្សតិយ៍អង់គ្លេស អេលីហ្សាបេតទី២ ដែលបានសោយទិវង្គត នៅប៉ុន្មានថ្ងៃក្រោយមក៕