(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបិទបញ្ចប់ដោយជោគជ័យ ក្រុមថ្នាក់ដឹកនាំកំពូលអាណត្តិថ្មី នៃបក្សកុម្មុយនីស្តចិនក៏បានប្រសូត្រចេញ ក្នុងសមាជលើកនេះផងដែរ ។

របាយការណ៍ការងារដែលថ្លែងក្នុងសមាជលើកនេះ បានលើកឡើងពីពាក្យគន្លឺះមួយចំនួនដូចជា «ទំនើបកម្មតាមបែបផែនចិន», «អភិវឌ្ឍន៍ដោយគុណភាពខ្ពស់», «លើកកម្ពស់កម្រិតបើកទូលាយចំពោះបរទេស», «ជំរុញអភិបាលកិច្ចបរិស្ថានអេកូឡូស៊ី» និង «មិនធ្វើអនុត្តរភាពនិងមិនវាតទីជារៀងរហូត»។ល។ ពាក្យគន្លឹះទាំងនេះជាទិសដៅនៃនយោបាយរបស់បក្សកុម្មុយនីស្តចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ និងរយៈវែងក្នុងពេលអនាគត។ អ្វីដែលសហគមន៍អន្តរជាតិចង់ដឹងចង់ឮគឺថា ក្នុងដំណើរនេះ តើប្រទេសចិននឹងមកនូវឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានចំពោះពិភពលោក?

បច្ចុប្បន្ន ពិតមែនតែប្រជាជនចិនដែលស្ថិតក្រោមស្តង់ដារ នៃបន្ទាត់ក្រីក្ររបស់ចិនបានចេញផុតពី ភាពក្រីក្រទាំងស្រុងហើយក្តី ក៏ប៉ុន្តែប្រទេសចិននៅតែស្ថិតក្នុងជួរ នៃប្រទេសកំពុងអភិវឌ្ឍន៍ដដែល ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត លើពិភពលោក ហេតុនេះការសម្រេចគោលដៅ «វិបុលភាពរួម» ត្រូវពុះពារឧបសគ្គលំបាកៗជាច្រើនទៀត ពិសេសស្ថិតក្នុងបរិបទដែលនិម្មាបនកម្ម ពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង និងស្ថានការណ៍អន្តរជាតិ មានភាពរង្គោះរង្គើបែបនេះ។

បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើង ប្រទេសចិនបានកសាងប្រទេសជាតិពីបាតដៃទទេ ហើយរយៈពេល ៦០ ឆ្នាំ បានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក, រយៈពេល៧០ឆ្នាំ បានលុបបំបាត់ភាពក្រីក្រក្នុងប្រទេសទាំងស្រុង។ តើអ្វីទៅដែលជាគន្លឺះជោគជ័យរបស់ប្រទេសចិន? ចម្លើយគឺការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹង សភាពការណ៍ជាតិរបស់ខ្លួន អភិវឌ្ឍដោយសន្តិភាព មិនធ្វើអនុត្តរភាព មានមេត្រីភាពជាមួយបណ្តាប្រទេស និងដៃគូសហប្រតិបត្តិការ គាំពារពហុភាគីនិយម ពិសេសគឺធ្វើរឿងជាក់ស្តែងជូនប្រជាជន ។

ឈានចូលយុគសម័យថ្មី ប្រទេសចិនដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន បានដើរតួសំខាន់ឡើងៗលើឆាកអន្តរជាតិ ដែលមិនត្រឹមតែជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុថ្កាសម្រាប់ជួយលំនឹងស្ថិរភាព និងសន្តិភាពពិភពលោកផងដែរ។ ពិសេសក្នុងបរិបទកូវីដ ការរួមចំណែករបស់ប្រទេសចិន ចំពោះការគាំពារសុខភាពសាធារណៈ គឺមិនអាចកាត់ថ្លៃបានទេ ពោលគឺប្រទេសចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ច្រើនបំផុតជាមួយពិភពលោក ក៏ដូចជាបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រច្រើនបំផុត ដើម្បីទៅជួយប្រយុទ្ធប្រឆាំងជំងឺឆ្លង នៅប្រទេសដែលមានតម្រូវការ ដែលបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ ស្របតាមទស្សនៈអភិបាលកិច្ចរបស់ ប្រទេសចិនគឺ «ប្រជាជនជាចម្បង»

ថ្នាក់ដឹកនាំកំពូលចិនតែងលើកឡើងថា «ភារកិច្ចចម្បងរបស់ប្រទេសចិនគឺអភិវឌ្ឍខ្លួនឯងឱ្យបានល្អ ពិសេសត្រូវអភិវឌ្ឍដោយគុណភាពខ្ពស់»។ ជាការពិតណាស់ ប្រសិនជាខ្លួនឯងមិនទាន់អភិវឌ្ឍផង តើទៅជួយអ្នកដទៃយ៉ាងម៉េច? ជាក់ស្តែង ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសចិនមានល្បឿនកំណើនសេដ្ឋកិច្ចដ៏លេចធ្លោបំផុត ហើយបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក៏រមែងទាញបានផលពីការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ។

ក្នុងសមាជបក្សកុម្មុយនីស្តដែលទើបបិទបញ្ចប់ ប្រទេសចិនបានដាក់ចេញទិសដៅការងារថ្មី ស្តីពីការជំរុញការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញតាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន ពោលគឺការធ្វើទំនើបកម្មដែលគ្របដណ្តប់ លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូល សុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួម រស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

តាមរយៈគំនិត«ទំនើបកម្មតាមបែបផែនចិន»យើងអាចឃើញថា ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន មានវិសាលភាពធំធេងដែលមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះប្រទេសជាតិនិងពិភពលោក។ ពាក់ព័ន្ធនឹងបញ្ហាថា តើឥទ្ធិពលនេះវាវិជ្ជមានឬអវិជ្ជមាន យើងអាចគិតពិចារណាតាមរយៈ ការបកស្រាយចំពោះគោលគំនិតមួយនេះ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនគឺជាប្រទេស ដែលមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក ដែលត្រូវជាជិត ២០ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក។ អាស្រ័យហេតុនេះ ប្រសិនបើប្រទេសចិន សម្រេចការកសាងប្រទេសមួយ ដែលប្រជាជនមានវិបុលភាពរួម បានន័យថានឹងមានចំនួនប្រជាជន យ៉ាងហោចណាស់ ២០ ភាគរយលើពិភពលោក ដែលមានជីវភាពសម្បូរសប្បាយ។ ពិសេសគឺទីផ្សារដែលមានចំនួនប្រជាជនជិត ១ភាគ៥ នៃពិភពលោកមួយនេះ បាននិងកំពុងបើកចំហកាន់តែធំទៅៗចំពោះពិភពលោក ឱកាសសហប្រតិបត្តិការថ្មីៗ បានលេចចេញជាបន្តបន្ទាប់ ភាគលាភនៃការអភិវឌ្ឍរបស់ប្រទេសចិន បាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត។

ប្រទេសចិនមានទំហំផ្ទៃដីធំទី៣ លើពិភពលោក ដែលសម្បូរដោយជីវចម្រុះ។ ឯគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍ រួមជីវិតរវាងមនុស្សជាតិនិងធម្មជាតិរបស់ចិន ជាទិសដៅអភិរក្សបរិស្ថានអេកូឡូស៊ី និងជីវចម្រុះ។ ម៉្យាងវិញទៀត ប្រទេសចិនបានដាក់ចេញយុទ្ធសាស្ត្រ «ទ្វេកាបូន» ពោលគឺកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន។ ប្រសិនបើសម្រេចបាននូវគោលដៅទាំងពីរនេះ នោះការរួមចំណែករបស់ប្រទេសចិន ក្នុងការឆ្លើយតបនឹងបម្រែបម្រែអាកាសធាតុសកល គឺសកម្មនិងវិជ្ជមានបំផុត។

បើមើលក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនមិនដែលបំផុសសង្គ្រាម ដោយម្ចាស់ការជាមួយប្រទេសណាមួយនោះទេ ហើយក៏មិនដែលធ្វើអាណានិគម លើប្រទេសណាដែរ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា «ប្រទេសចិនមិននាំចូលរូបមន្តអ្នកដទៃទេ ហើយក៏មិននាំចេញរូបមន្តរបស់ខ្លួនដែរ»។ មានន័យថាគ្មានប្រទេសណាដែលអាចបង្ខិតបង្ខំឱ្យ ប្រទេសចិនអនុវត្តតាមរូបមន្ត អភិវឌ្ឍន៍របស់ប្រទេសខ្លួននោះទេ ហើយប្រទេសចិនក៏មិនបង្ខំឱ្យប្រទេសណា អនុវត្តតាមរូបមន្តអភិវឌ្ឍន៍របស់ខ្លួនដែរ។

ប៉ុន្តែប្រទេសចិននឹងក្រេបយកពុទ្ធិពី បទពិសោធដ៏ជោគជ័យរបស់ប្រទេសដទៃ ហើយក៏រីការាយចែករំលែកនូវបទពិសោធរបស់ខ្លួន ជាមួយប្រទេសនានាផងដែរ។ មិនធ្វើអនុត្តរភាព តែធ្វើកិច្ចសហប្រតិបត្តិការ មិនវាតទី តែពង្រីករង្វង់មិត្តភក្តិ នេះជាការសន្យាដ៏ឱឡារិករបស់ប្រទេសចិន ចំពោះពិភពលោក។ តើប្រទេសចិននឹងធ្វើតាមពាក្យសន្យារបស់ខ្លួន ដែលនឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនជូនពិភពលោកឬយ៉ាងណា? ចម្លើយគឺស្ថិតក្នុងការអនុវត្តរបស់ប្រទេសចិន នាពេលកន្លងមកដែលពិភពលោក សុទ្ធតែបានមើលឃើញយ៉ាងច្បាស់រួចហើយ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន