(ដាក្កា)៖ ក្រុមមន្រ្តីបង់ក្លាដែស បាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន ១៦នាក់ បានស្លាប់ បន្ទាប់ពីព្យុះស៉ីក្លូន ស៉ីត្រាង (Sitrang) បានបោកបក់មកលើប្រទេសបង់ក្លាដែស បង្ខំឲ្យមនុស្សរាប់លាននាក់ ជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គា ទី២៥ ខែតុលា ឆ្នាំ២០២២។
ព្យុះស៊ីក្លូន Sitrang បានបោកបក់ដល់ភាគខាងត្បូងប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរបានជម្លៀសមនុស្សប្រហែល១លាននាក់ ទៅកាន់ទីសុវត្ថិភាព មុនពេលអាកាសធាតុអាក្រក់មកដល់។ រីឯ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៣៣,០០០នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ជាកុំឱ្យចេញពីកន្លែងស្នាក់នៅ និងមិនមានរបាយការណ៍ អំពីការខូចខាតណាមួយព ដែលបង្កឡើងដោយព្យុះស៉ីក្លូននេះនៅឡើយទេ។
ភ្លៀងបានធ្លាក់ខ្លាំងនៅទូទាំងប្រទេសបង់ក្លាដែស និងបង្កជាទឹកជំនន់នៅទីក្រុងដាកា (Dhaka), គុលណា (Khulna) និងបារីសាល់ (Barisal)។ មនុស្សប្រហែល១០លាននាក់ នៅក្នុងស្រុកចំនួន១៥ ដែលជាប់ឆ្នេរសមុទ្រ គឺគ្មានថាមពលប្រើប្រាស់ ខណៈសាលារៀនត្រូវបានបិទនៅទូទាំងតំបន់ភាគខាងត្បូង និងភាគនិរតី។
លោកស្រី ចេប៊ុន ណាហា (Jebun Nahar) មន្ត្រីរដ្ឋាភិបាលបង់ក្លាដែស បាននិយាយថា «មនុស្សចំនួន១៤នាក់បានស្លាប់ ដែលភាគច្រើនត្រូវដើមឈើដួលរលំលើ ហើយ២នាក់បានស្លាប់ ដោយសារលិចទូកលិចនៅក្នុងទន្លេចាម៊ូណា (Jamuna) ភាគខាងជើង។ រហូតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានរបាយការណ៍នៃការខូចខាតទាំងអស់នៅឡើយទេ»។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន ដែលមានន័យស្មើនឹងព្យុះហឺរីខិននៅតំបន់មហាសមុទ្រអាត្លង់ទិក ឬក៏ព្យុះទីហ្វុងនៅតំបន់ប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងដែលកើតឡើងជាប្រចាំ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា បញ្ហាប្រែប្រួលអាកាសធាតុ ទំនងជាធ្វើឲ្យកើតមានព្យុះកាន់តែខ្លាំង និងញឹកញាប់៕