(ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ា បានចេញមុខការពារការវាយប្រហារតាមអាកាសរបស់ខ្លួន លើការប្រគុំតន្ត្រីមួយដែលរៀបចំដោយក្រុមឧទ្ទាមជនជាតិភាគតិច ដោយចាត់ទុកថាជាការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការវាយប្រហារនៅក្នុងតំបន់ ក្រោយពីក្រុមប្រឆាំងចោទប្រកាន់របបយោធាថាបានកំណត់គោលដៅលើជនស៊ីវិល និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

យោធាបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការវាយឆ្មក់ និងការវាយប្រហារផ្សេងទៀតដោយក្រុម KIA និងក្រុមប្រដាប់អាវុធ មកលើកងកម្លាំងរបស់ខ្លួន ហើយវាជាការចូលរួមបំពេញតាមវិធានអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រយោធា បានគូសបញ្ជាក់ថា «ក្នុងនាមជាកងកម្លាំងសន្តិសុខ ពួកគេទទួលខុសត្រូវ ចំពោះការប្រយុទ្ធជាមួយពួកបះបោរ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ចំណែកក្រុមរដ្ឋាភិបាលស្រមោល ហៅកាត់ថា NUG ដែលភាគច្រើនបង្កើតឡើងដោយអ្នកស្មោះត្រង់លោកស្រី អោងសាន ស៊ូជី បានចោទប្រកាន់យោធាថា បានកំណត់គោលដៅលើជនស៊ីវិល ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងបញ្ឈប់ «អំពើឃោរឃៅ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយរបបយោធា»។

គួរបញ្ជាក់ថា បើតាមក្រុមឧទ្ទាម ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា មកលើព្រឹត្តិការណ៍ប្រគុំតន្រ្តី ដែលធ្វើឡើងដោយក្រុមឧទ្ទាមជនជាតិភាគតិចដ៏ធំមួយ បានសម្លាប់មនុស្សប្រហែល ៥០នាក់ និងរបួស ៧០នាក់។ ក្រុមឧទ្ទាម KIA តែងតែប៉ះទង្គិចជាជាមួយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា អស់ជាច្រើនទស្សវត្សមកហើយ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១៕