(ឡុដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ដែលលាលែងពីតំណែង គឺលោកស្រី លីស ត្រាស់ (Liz Truss) នាថ្ងៃអង្គារនេះ បានថ្លែងសារលើកចុងក្រោយ ក្នុងនាមជាមេដឹកនាំប្រទេស ចេញពីការិយាល័យនាយករដ្ឋមន្រ្តីដោននីតស្ទ្រីត (Downing Street) មុនពេលលោកស្រី ត្រូវចូលគាល់ ព្រះមហាក្សត្រអង់គ្លេស ដើម្បីលាលែងជាផ្លូវការ ហើយនាយករដ្ឋមន្រ្តីថ្មី ក៏នឹងត្រូវឡើងកាន់តំណែងបន្តជាផ្លូវការ ក្នុងថ្ងៃដដែលនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ លោកស្រី ត្រាស់ បាននិយាយថា ថ្ងៃភ្លឺត្រចះត្រចង់កំពុងនៅរង់ចាំប្រទេសលោក នាពេលខាងមុខ ហើយលោកស្រីជឿជាក់ចំពោះចក្រភពអង់គ្លេសនិងចំពោះប្រជាជនអង់គ្លេស។ មិនតែប៉ុណ្ណោះ លោកស្រី ត្រាស់ ក៏បានជូនពរនាយករដ្ឋមន្រ្តីថ្មី គឺលោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ឱ្យទទួលជោគជ័យគ្រប់បែបយ៉ាង ក្នុងការងារដឹកនាំប្រទេសបន្តពីលោកស្រីផងដែរ។
ក្រោយបញ្ចប់ការថ្លែងសារ លោកស្រី ត្រាស់ ក៏បានចេញដំណើរដើម្បីទៅចូលគាល់ ព្រះមហាក្សត្រចក្រអង់គ្លេស គឺព្រះអង្គ ឆាល (Charles) ហើយលាលែងពីតំណែងជាផ្លូវការ ដើម្បីឱ្យទ្រង់តែងតាំងលោក ស៊ូណាក់ ជានាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ នៅពេលដែលលោក ស៊ូណាក់ ត្រូវចូលគាល់ព្រះអង្គដូចគ្នា ក្នុងថ្ងៃអង្គារនេះ បន្ទាប់ពីលោកស្រី។
គួរបញ្ជាក់ថា ដោយកាន់អំណាចបានរយៈពេលត្រឹម ៧សប្តាហ៍ លោកស្រី លីស ត្រាស់ ជាប់ឈ្នោះជានាយករដ្ឋមន្រ្តី ដែលកាន់អំណាចបានខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេស ខណៈលោក រីស្ស៉ី ស៊ូណាក់ ដែលស្ថិតក្នុងវ័យ៤២ឆ្នាំ ជាប់ឈ្មោះជាមេដឹកនាំអង់គ្លេសក្មេងជាងគេបង្អស់ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ៕