(កង់បេរ៉ា)៖ អតីតអាកាសយានិកយោធាអាមេរិកម្នាក់ និងជាអតីតគ្រូបង្រៀនបើកបរយន្តហោះ ដែលធ្លាប់បំពេញការងារនៅប្រទេសចិន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី ហើយប្រឈមនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ប្រភពពីអាជ្ញាធរអូស្រ្តាលី និងមេធាវីរបស់អតីតពីឡុតអាមេរិកខាងលើផ្ទាល់ បានឱ្យដឹងនាថ្ងៃអង្គារនេះថា ប៉ូលិសសហព័ន្ធរបស់​ប្រទេស​អូស្រ្តាលី បានចាប់ខ្លួនជនឈ្មោះ ដានីញែល អេដមុន ឌូកហ្កាន់ (Daniel Edmund Duggun) អាយុ៥៤ឆ្នាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្រុងអូរែង (Orange) នៃរដ្ឋញូសោតវែល (New South Wales) ហើយលោកបានចូលបង្ហាញខ្លួន នៅមុខតុលាការនៃក្រុងនោះ ក្នុងថ្ងៃដដែល។

ការចាប់ខ្លួននេះកើតឡើងក្នុងសប្តាហ៍តែមួយ នៅពេលចក្រភពអង់គ្លេស បានព្រមានដល់អតីតពីឡុតយោធារបស់ខ្លួនទាំងឡាយ ឱ្យឈប់ការធ្វើការងារនៅប្រទេសចិនតទៅទៀត បើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ ក្រោមហេតុផលសន្តិសុខជាតិ។ ទន្ទឺមគ្នានោះ អូស្រ្តាលីក៏បានបើកការស៉ើបអង្កេតលើ របាយការណ៍ដែលថា អតីតពីឡុតយន្តហោះចម្បាំងខ្លួនមួយចំនួន ត្រូវបានអូសទាញឱ្យ​ទៅធ្វើការនៅចិនផងដែរ។

លោក ឌូកហ្កាន់ គឺជាអតីតពលរដ្ឋអាមេរិក និងត្រូវបានអាជ្ញាធរអូស្រ្តាលីចាប់ខ្លួន ក្រោមសំណើរបស់សហរដ្ឋអាមេរិក។ ប្រភពពីខាង​ផ្នែកអាកាសចរណ៍ បានបង្ហើបថា ទីភ្នាក់ងារប៉ូលិសសហព័ន្ធអាមេរិក FBI បានតាមចាប់ខ្លួនលោក ឌូកហ្កាន់ ដោយសារតែការងារ​របស់លោក នៅក្នុងប្រទេសចិន។ យ៉ាងណាក្តី មេធាវីលោកមិនផ្តល់ការអត្ថាធិប្បាយអ្វី ជុំវិញការអះអាងនេះឡើយ។

គួរបញ្ជាក់ថា លោក ឌូកហ្កាន់ បានផ្លាស់ទីលំនៅមកកាន់ប្រទេសអូស្រ្តាលី ក្រោយបម្រើក្នុងជួរយោធាអាមេរិក អស់រយៈពេលខ្ទង់១សតវត្សរ៍ ហើយលោកបានបើកក្រុមហ៊ុនមួយហៅថា Top Gun Tasmania ដែលជួលអតីតពីឡុតមកពីអាមេរិកនិងអង់គ្លេស ដើម្បីផ្តល់​សេវាកម្មជិះកម្សាន្ត ដល់ភ្ញៀវទេសចរ នៅក្នុងយន្តហោះចម្បាំង។

កាលពីឆ្នាំ២០១៤ លោក ឌូហ្កាន់ បានផ្លាស់ទៅកាន់ទីក្រុងប៉េកាំង ហើយមិនយូរប៉ុន្មានក្រោយលក់ក្រុមហ៊ុន Top Gun Tasmania នោះ។ នៅក្នុងប្រទេសចិន លោកបានធ្វើការជា នាយកចាត់ចែងរបស់ AVIBIZ ជាក្រុមហ៊ុនប្រឹក្សាផ្នែកអាកាសចរណ៍ មានមូលដ្ឋាននៅទីក្រុងឈីងតាវ (Qingdao) ដែលផ្តោតសំខាន់ទៅលើ ឧស្សាហកម្មអាកាសចរណ៍ចិន ដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័សនិងរឹងមាំឡើង៕