(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រមុខគណបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាថ្ងៃសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ខណៈវាគឺជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដ៏កម្រមួយសម្រាប់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង របស់លោក ង្វៀន ភូទ្រុង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។ លោក ទ្រុង ដែលបច្ចុប្បន្នមានវ័យ៧៨ឆ្នាំ ក៏បានផ្ញើសារអបអរសាទរលោក ស៉ី ជិនពីង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនផងដែរ ក្នុងឱកាសលោក ស៉ី បន្តជាប់ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន សម្រាប់អាណត្តិទី៣។

គួរបញ្ជាក់ថា ទស្សនកិច្ចក្រៅប្រទេសលើកចុងក្រោយបំផុត របស់លោក ទ្រុង គឺទៅកាន់ប្រទេសរុស្ស៉ី កាលពីឆ្នាំ២០១៨។ ទោះបី​វៀតណាមនិងចិន មានជម្លោះទឹកដីរវាងគ្នា ដូចជាជុំវិញបញ្ហាកោះនិងដែនទឹក នៅតំបន់សមុទ្រចិនខាងត្បូងក៏ដោយ គណបក្សកុម្មុយនិស្តនៃប្រទេសទាំងពីរ ជាផ្លូវការហាក់នៅរក្សាទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ វៀតណាមនិងចិន ស្ថិតក្នុងចំណោមប្រទេសកុម្មុយនិស្តចុងក្រោយបំផុតទាំង៥ នៅលើពិភពលោក ខណៈ៣ប្រទេសទៀតរួមមានគុយបា ឡាវ និងកូរ៉េខាងជើង៕