(បែរឡាំង)៖ ការិយាល័យប្រធានាធិបតីអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ (Frank-Walter Steinmeier) បានទៅដល់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះសម្រាប់ដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងជាមុខ និងជាលើកទីមួយរបស់លោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នៅពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោក ស្តែនម៊ែរ កំពុងទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ស្តែនម៊ែរ បានគូសបញ្ជាក់ថា «សាររបស់ខ្ញុំទៅកាន់ប្រជាជនអ៊ុយក្រែន នាពេលនេះគឺ៖ អ្នកអាចពឹងផ្អែកលើអាល្លឺម៉ង់បាន»

ក្រៅពីជំនួយផ្នែកយោធាហើយនោះ លោក ស្តែនម៊ែរ បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក នឹងផ្តោតលើការជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ ដូចជាបណ្តាញអគ្គិសនី បំពង់ទឹក និងប្រព័ន្ធកំដៅ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនពេលរដូវរងាមកដល់៕