(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់ចំពោះអព្យាក្រឹតភាពរបស់ប្រទេសអ៉ីស្រាអែល នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយនិយាយថាការសម្រេចចិត្តនៃមេដឹកនាំអ៉ីស្រាអែល ក្នុងការមិនគាំទ្រផ្តល់អាវុធដល់ទីក្រុងកៀវ គឺជាការលើកទឹកចិត្តដល់ភាពជាដៃគូយោធារបស់រុស្ស៉ី និងអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ អង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ថ្លែងទៅកាន់សន្និសីទមួយដែលរៀបចំដោយកាសែត Haaretz របស់អ៉ីស្រាអែល នៅថ្ងៃចន្ទសប្តាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងម្តងទៀតនូវសំណើរដែលទីក្រុងកៀវ បានដាក់ទៅកាន់អ៉ីស្រាអែល ដើម្បីស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល Iron Dome មករារាំងការវាយប្រហាររបស់រុស្ស៊ី។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក បែននី ហ្គាន់ស៍ (Benny Gantz) បានប្រាប់រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksiy Reznikov) ថា អ៊ីស្រាអែលនឹងមិនផ្តល់ប្រព័ន្ធសព្វាវុធដល់អ៊ុយក្រែននោះទេ។

លោក ហ្សេលេនស្គី បាននិយាយថាការសម្រេចចិត្ត «មិនរំខាន» រុស្ស៊ីដោយការជួយអ៊ុយក្រែនក្នុងផ្នែកយោធា បានជំរុញឱ្យមានភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។ លោកបន្តថា សម្ព័ន្ធភាពនេះហាក់បីដូចជាវាត្រូវបានអនុម័ត តាំងពីយូរណាស់មកហើយ គឺចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលដែលរុស្ស៊ីចាប់ផ្តើមការបំពានរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន នៅក្នុងខែកុម្ភៈមក អ៊ីស្រាអែលបានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនផ្តល់ឧបករណ៍យោធា ដោយសារខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយរុស្ស៊ី៕