(វ៉ាស៉ីនតោន)៖ សមាជិកសភាចំនួន៣០នាក់ នៃបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កែសម្រួលយុទ្ធសាស្រ្តរបស់លោកសម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយងាកទៅព្យាយាមស្វែងកដំណោះស្រាយ តាមរយៈកិច្ចចរចា ទន្ទឹមគ្នាជាមួយការផ្តល់ជំនួយសព្វាវុធ និងសេដ្ឋកិច្ចដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។
ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក បៃដិន សមាជិកសភាតំណាងរាស្រ្តចំនួន៣០នាក់ ដែលមកពីបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ផ្ទាល់ បានលើកឡើងដូច្នេះថា «ដោយសំអាងលើភាពវិនាសហិនហោច ដែលបង្កឡើងដោយសង្រ្គាមនេះ ចំពោះអ៊ុយក្រែន និងពិភពលោក បូករួមជាមួយហានិភ័យនៃភាពតានតឹងឆ្ពោះទៅរក ភាពកាន់តែអន្តរាយខ្លាំងថែមទៀតនោះ ពួកយើងជឿជាក់ថា វាក៏ជាប្រយោជន៍សម្រាប់អ៊ុយក្រែន សហរដ្ឋអាមេរិក និងពិភពលោកផងដែរ ក្នុងការចៀសវាងអូសបន្លាយជម្លោះឱ្យកាន់តែយូរ»។
លិខិតខាងលើបានបន្តថា «សម្រាប់ហេតុផលនេះ យើងទទូចឱ្យអ្នក (លោក បៃដិន) ដាក់ការផ្តល់ជំនួយយោធានិងសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកបាននិងកំពុងបន្តផ្តល់ទៅកាន់អ៊ុយក្រែននោះ ឱ្យដើរទន្ទឹមគ្នាជាមួយកិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម ដើម្បីព្យាយាមស្វែងរកក្របខណ្ឌចរចាជាក់ស្តែងពិតប្រាកដមួយ ដែលអាចឈានទៅបញ្ចប់ជម្លោះ»។
គួរបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថវិកាសរុបខ្ទង់ ៦៦ពាន់លានដុល្លារហើយ ក្នុងទម្រង់ជាសព្វាវុធនិងជំនួយផ្នែកយោធាដទៃៗទៀត ព្រមទាំងក្នុងទម្រង់ជាការជ្រោមជ្រែងផ្នែកសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ហើយនិងជំនួយមនុស្សធម៌។
យ៉ាងណាក្តី នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅ ដែលវានឹងកំណត់ថាតើ គណបក្សមួយណា ដែលគ្រប់គ្រងសភាអាមេរិក ស្របពេលដែលសមាជិកមួយចំនួន នៃបក្សសាធារណរដ្ឋ បានព្រមានថា អាចនឹងមានការគ្រប់គ្រងតឹងរ៉ឹងជាងមុន ទៅលើការផ្តល់ជំនួយសម្រាប់អ៊ុយក្រែន ប្រសិនបើគណបក្សពួកគេឈ្នះការបោះឆ្នោត៕