(ប៉េកាំង)​៖ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានលើកឡើងនូវការធ្វើទំនើបកម្មបែបផែនចិន ដើម្បីជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ ទស្សនៈធ្វើទំនើបកម្មរបស់ចិន ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់យុវជនពិភពលោកដែលផ្តល់បទសម្ភាសន៍។

ការស្ទង់មតិមួយនៅក្នុងប្រទេសចំនួន ៣០ លើពិភពលោកបានទៅយកបទសម្ភាសន៍ជាមួយ យុវជន៤៧០០នាក់ដែលមានអាយុក្រោម ៣០ឆ្នាំ ដោយបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៧% បានឯកភាពនឹងមាគ៌ាអភិវឌ្ឍន៍គួរតែផ្អែកលើ សភាពការណ៍ជាតិរៀងៗខ្លួន ព្រមទាំងសម្គាល់ថា គ្មានទម្រង់ធ្វើទំនើបកម្មណាមួយ ដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសនោះឡើយ។

យុវជនផ្តល់បទសម្ភាសន៍ចំនួនជាង ៨០ % បានយល់ស្របនឹងទស្សនៈរបស់បក្សកុម្មុយនីស្តចិន ស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ហើយបានកោតសរសើរជាទូទៅថា ការធ្វើទំនើបកម្មបែបផែនចិនគឺជា ដំណើរធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ មានជីវភាពធូរធារ។

ការស្ទង់មតិសកលលើកនេះក្រោមចំណងជើង «ប្រទេសចិនលើដំណើរថ្មី» ត្រូវបានធ្វើឡើងដោយធនាគារគំនិត CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសកលវិទ្យាល័យ Renmin នៃប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៤៧០០ មកពីប្រទេសចំនួន៣០ នៅទ្វីបចំនួន៥ ក្នុងនោះ មានចំនួន ៤០%មកពីប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអូស្ត្រាលី និងមានចំនួន ៦០% មកពីប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសគេនញ៉ា នីហ្សេរីយ៉ា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ប៉េរូ អាហ្សង់ទីនជាដើម។

អ្នកផ្តល់បទសម្ភាសន៍លើពិភពលោក បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងនោះមានចំនួន៨៣,១ % សម្គាល់ថា ប្រទេសចិនទទួលបានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយចំនួន ៧៤,១ % បានសម្គាល់ថា ឋានៈរបស់ចិនលើឆាកអន្តរជាតិ កំពុងកើនឡើងជាបន្តបន្ទាប់ ចំណែកឯចំនួន ៧៩,១% សម្គាល់ថា បក្សកុម្មុយនីស្តចិនជាបក្ស ដែលប្រជាជនចិនអាចទុកចិត្តបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន