(ហ្សការតា)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរឥណ្ឌូណេស៉ីបានឃាត់ខ្លួនស្រ្តីម្នាក់​ ដែលកាន់កាំភ្លើងនៅក្បែរវិមានប្រធានាធិបតី ក្នុងរដ្ឋធានីហ្សាការតា ខណៈមេដឹកនាំឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) មិនមានវត្តមាននាពេលនោះឡើយ ហើយឧប្បត្តិហេតុនោះ ក៏ពុំបានបណ្តាលឱ្យ នរណាម្នាក់រងគ្រោះថ្នាក់ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

លោក អាលី ម៉ូចតា ហ្កាបាលីន (Ali Mochtar Ngabalin) ដែលជាមន្រ្តីនៅវិមានប្រធានាធិបតីឥណ្ឌូណេស៉ី បានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោងប្រហែល៧ព្រឹក (ម៉ោងក្នុងទីក្រុងហ្សាការតា)។ បើតាមលោក អាលី ស្រ្តីម្នាក់នោះ មិនបានចូលក្នុងបរិវេណវិមានប្រធានាធិបតីឡើយ ហើយលោក វីដូដូ ក៏មិនបានស្ថិតក្នុងវិមាននាពេលនោះដែរ។

លោក អាលី បានបន្តថា ស្រ្តីខាងលើដែលស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ ត្រូវបានក្រុមមន្រ្តីសន្តិសុខឃាត់ខ្លួន ក្រោយនាងបានដកកាំភ្លើងចេញមក នៅក្បែរវិមានប្រធានាធិបតី។ អ្នកនាំពាក្យប៉ូលិសទីក្រុងហ្សាការតាបានឱ្យដឹងថា ឥឡូវស្រ្តីម្នាក់នោះ កំពុង​ស្ថិតក្រោមការសាកសួរ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើនាងមានចេតនាបែបណា ឬក៏ថាតើរូបនាងបានអាវុធមកដោយរបៀបណា។

គួរបញ្ជាក់ថា កន្លងមក ឥណ្ឌូណេស៉ីធ្លាប់ទទួលរងការវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធ ដោយពេលខ្លះពួកគេបានកំណត់គោលដៅលើ មន្រ្តីរដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខទៀតផង។ កាលពីឆ្នាំ២០២១ ប៉ូលិសឥណ្ឌូណេស៉ី បានបាញ់សម្លាប់ស្រ្តីម្នាក់ ដែលបានបាញ់ប្រហារ ទៅលើអាជ្ញាធរនៅឯស្នងការដ្ឋានប៉ូលិសជាតិ ក្នុងរដ្ឋធានីហ្សាការតា ក្នុងសកម្មភាពវាយប្រហារមួយ ដែលទទួលបានឥទ្ធិពលពី​ក្រុមភេរវករ ISIS៕