(ហ្សាការតា)៖ មន្រ្តីផ្នែកដឹកជញ្ជូនឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សយ៉ាងហោច១៣នាក់ បានបាត់បង់ជីវិត ក្រោយទូកមួយគ្រឿងផ្ទុកអ្នកដំណើររាប់រយនាក់ បានរងការឆាបឆេះនៅភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។
ទូកដឹកអ្នកដំណើរខាងលើ ដែលមានឈ្មោះថា KM Express Cantika 77 បានជួបគ្រោះអគ្គិភ័យនៅក្បែរឆ្នេរនៃកោះទីម័រ (Timor) ក្នុងខេត្តនូសាតេងហ្ការ៉ាខាងកើត (East Nusa Tenggara) ហើយហេតុការណ៍នោះ ក៏បានធ្វើឱ្យអ្នកដំណើរផ្អើលឆោឡោ និងនាំគ្នាលោតចេញពីលើទូក។
លោក អ៉ីសយ៉ាក់ នូកា (Isyak Nuka) ប្រធានទីភ្នាក់ងារដឹកជញ្ជូន ប្រចាំខេត្តនូសាតេងហ្ការ៉ាខាងកើត បានប្រាប់ AFP ថា ប្រតិបត្តិការស្វែងរកនិងសង្រ្គោះ ជួយមនុស្សបានសរុប២៤១នាក់ ក្នុងចំណោមអ្នកដំណើរនិងក្រុមនាវិកទូកទាំងអស់២៥៤នាក់ ខណៈ១៣នាក់បានស្លាប់។ បើតាមអាជ្ញាធរ ទូកនោះមានលទ្ធភាពផ្ទុកមនុស្សបានសរុប២៥០នាក់។
ដោយឡែកប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះក្នុងតំបន់ បានផ្តល់តួលេខផ្សេងគ្នាថា មនុស្ស២២៦នាក់ ត្រូវបានជួយសង្រ្គោះ ខណៈសាកសកមនុស្ស១៤នាក់ ត្រូវបានរកឃើញ។ គ្រោះអគ្គិភ័យបានកើតឡើង ពេលទូកខាងលើកំពុងធ្វើដំណើរចេញពី ទីក្រុងគូផាង (Kupang) នៃខេត្តនូសាតេងហ្ការ៉ាខាងកើត ឆ្ពោះទៅកាន់ក្រុងកាឡាបាហ៉ី (Kalabahi) លើអាឡ័រ (Alor)។
គួរបញ្ជាក់ថា ឧបទ្ទវហេតុតាមផ្លូវទឹក តែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលមានកោះសរុបខ្ទង់ ១៧,០០០កោះ ហើយស្តង់ដាសុវត្ថិភាពមានភាពធូររលុង។ កាលពីឆ្នាំ២០១៨ មនុស្សជាង១៥០នាក់ បានលង់ទឹកស្លាប់ នៅពេលទូកចម្លងមួយគ្រឿង បានលិចនៅបឹងដ៏ជ្រៅបំផុតមួយរបស់ពិភពលោក លើកោះស៊ូម៉ាត្រា៕