(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក អ៉ីហាំ អាលីយ៉េវ (Ilham Aliyev) និងនាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ប៉ាស់ស៉ិនយ៉ាន (Nikol Pashinyan) មកកាន់ប្រទេសរបស់លោក ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់បន្ទាប់ពីភាពតានតឹងកើនរវាងទីក្រុងយ៉េរ៉េវ៉ាន់ (Yerevan) និងទីក្រុងបាគូ (Baku) កើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ( Maria Zakharova) នៅថ្ងៃចន្ទសប្តាហ៍នេះ បានគូសបញ្ជាក់ថា «ទីក្រុងម៉ូស្គូមានការព្រួយបារម្ភអំពីនិន្នាការដ៏គួរឲ្យព្រួយបារម្ភ នៅក្នុងតំបន់ ដែលជាកន្លែងដែលលោកខាងលិចកំពុងព្យាយាម ដើម្បីផ្ទេរការប្រឈមមុខដាក់គ្នាដែលបានសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ។ ការអញ្ជើញមេដឹកនាំអាស៊ៃបៃហ្សង់ និងអាមេនី ទៅកាន់ប្រទេសរុស្ស៉ី នាពេលនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាត្រីភាគី និងទ្វេភាគី ហើយអាចនឹងធ្វើឡើងនៅចុងខែតុលានេះ»។
ក្នុងន័យចង់ឲ្យជម្លោះដ៏យូរទស្សវត្សរ៍រវាងអាមេនី និងអាស៊ែបៃហ្សង់ ឈានដល់ទីបញ្ចប់ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីរូបនេះ បានចោទប្រកាន់លោកខាងលិចថាបានបន្តវិធីសាស្រ្ត «ឥតន័យនិងបង្គាប់បញ្ជា» ដែលមិនមែនជាស្វែងរកការសម្របសម្រួល ឬដំណោះស្រាយដែលមានតុល្យភាពនោះទេ ប៉ុន្តែការលើកកម្ពស់ខ្លួនឯង និងការច្របាច់ករុស្ស៊ី ឲ្យចេញពីតំបន់ភូមិសាស្រ្តភាគខាងត្បូង។
គួរបញ្ជាក់ថា ជម្លោះរវាងអាស៊ៃបៃហ្សង់ និងអាមេនី បានកើតឡើងអស់រយៈពេលជាយូមកហើយ ជុំវិញបញ្ហាមួយចំនួនជាពិសេសគឺតំបន់ណាហ្គាន័រ (Nagorno)-តំបន់ការ៉ាបាកហ៍ (Karabakh) ដែលនៅឆ្នាំ ២០២០ ប្រទេសទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេល ៤៤ថ្ងៃ លើទឹកដីនេះ។ ក្រោយមកជម្លោះបានបញ្ចប់ក្រោមបទឈប់បាញ់ ដែលអ្នកចរចារកណ្តាលគឺរុស្ស៊ី បានសម្រេចប្រគល់ទីតាំងមួយចំនួនដែលពីមុនគ្រប់គ្រងដោយអាមេនី មកឲ្យអាស៊ៃបៃហ្សង់វិញ រួមទាំងការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ី ដើម្បីសង្កេតមើលកិច្ចព្រមព្រៀងនេះ៕