(មូស្គូ)៖ លោក Igor Kirillov ប្រធានកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បានបង្ហើបថា យោធារុស្ស៊ីមានព័ត៌មានអំពីទំនាក់ទំនង រវាងការិយាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងតំណាងអង់គ្លេស ជុំវិញបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
លោក Kirillov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងមានព័ត៌មានអំពីទំនាក់ទំនង រវាងការិយាល័យប្រធានាធិបតីអ៊ុយក្រែន និងតំណាងចក្រភពអង់គ្លេស ទាក់ទងនឹងការទិញយកបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ»។
មន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងបានបន្ទរ ពីការព្រួយបារម្ភដែលលើកឡើងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Shoigu កាលពីថ្ងៃអាទិត្យដែលថា ទីក្រុងកៀវកំពុងរៀបចំផែនការបង្កហេតុមួយ ពាក់ព័ន្ធនឹងការបំផ្ទុះអ្វីដែលគេហៅថា «គ្រាប់បែកកខ្វក់» ឬអាវុធនុយក្លេអ៊ែរដែលមានទិន្នផលទាប។
ទន្ទឹមនឹងនោះ លោក Kirillov បានបន្តទៀតថា «គោលបំណង នៃការបង្កហេតុនេះគឺដើម្បីចោទប្រកាន់រុស្ស៊ី ពីការប្រើប្រាស់អាវុធប្រល័យលោក ដោយហេតុនេះចាប់ផ្តើមយុទ្ធនាការប្រឆាំងរុស្ស៊ីដ៏មានឥទ្ធិពលនៅទូទាំងពិភពលោក ក្នុងគោលបំណងធ្វើឱ្យខូចទំនុកចិត្តជាសកលមកលើទីក្រុងម៉ូស្គូ៕