(ប៊ុយការ៉េស)៖ រដ្ឋមន្រ្តីការពារជាតិរូម៉ានី លោក វ៉ាស៉ីល ឌីនឃូ (Vasile Dincu) បានលាលែងពីតំណែងនៅក្នុងថ្ងៃចន្ទនេះ ក្រោយរងសម្ពាធដោយសារតែកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ លោកបានលើកឡើងថា ឱកាសតែមួយគត់របស់អ៊ុយក្រែន ដើម្បីអាចបញ្ចប់សង្រ្គាមបាន គឺមានតែចរចាគ្នាជាមួយរុស្ស៉ីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

លោក ឌីនឃូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការលាលែងពីតំណែងរបស់ខ្ញុំ គឺកើតឡើងស្របពេលដែល វាជារឿងមិនអាចទៅរួចឡើយ ក្នុងការសហការគ្នាតទៅទៀត ជាមួយលោកប្រធានាធិបតី ដែលមានឋានៈជាអគ្គមេបញ្ជាការកងទ័ព។ ខ្ញុំយល់ថា ការចាកចេញរបស់ខ្ញុំ គឺចាំបាច់ដើម្បីកុំឱ្យប៉ះពាល់ដល់ ការសម្រេចចិត្តឬកម្មវិធីណាមួយ ដែលតម្រូវឱ្យមានការសហការគ្នាដោយរលូន និងកុំឱ្យរាំងស្ទះដល់គម្រោងផ្សេងៗ ដែលមានភាពចាំបាច់បំផុត សម្រាប់ក្រសួងការពារជាតិ ក៏ដូចជាសម្រាប់កងទ័ព»។

គួរបញ្ជាក់ថា កាលពីដើមខែតុលានេះ លោកប្រមុខការពារជាតិរូម៉ានី បានលើកឡើងថា អ៊ុយក្រែនត្រូវការសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីចរចាការធានាសន្តិសុខ និងសន្តិភាពជាមួយរុស្ស៉ី ហើយវាជាជម្រើសតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាម ខណៈការលើកឡើងនោះ បានទទួលរងការរិះគន់ខ្លាំងៗពីប្រធានាធិបតីរូម៉ានី លោក ខ្លោស អ៉ីអូហាននីស (Klaus Iohannis)។ លោក អ៉ីអូហាននីស បាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៉ី ហើយមានតែ​ពួកគេខ្លួនឯងទេ ទើបអាចសម្រេចថា គួរចរចាបែបណានិងនៅពេលណា ខណៈវាក៏ជាជំហរប្រកាន់ខ្ជាប់ដោយរូម៉ានី និងសហភាពអឺរ៉ុបផងដែរ៕