(អាប៊ូហ្សា)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានព្រមានពីការវាយប្រហារភេវកម្មដែលអាចកើតមានឡើង លើរដ្ឋធានីអាប៊ូហ្សា (Abuja) នៃប្រទេសនីហ្សេរីយ៉ា ជាពិសេសគឺសំដៅទៅលើអគាររដ្ឋាភិបាល កន្លែងគោរពបូជា និងសាលារៀន ក្នុងចំណោមគោលដៅផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្តីជូនដំណឹងដល់ពលរដ្ឋ ស្ថានទូតអាមេរិកប្រចាំប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងយ៉ាងដូច្នេះថា «មានហានិភ័យខ្ពស់នៃការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសនីហ្សេរីយ៉ា ជាពិសេសរដ្ឋធានីអាប៊ូហ្សា ហើយផ្សារទំនើប កន្លែងអនុវត្តច្បាប់ និងអង្គការអន្តរជាតិនានា គឺស្ថិតក្នុងចំណោមកន្លែងដែលមានហានិភ័យ។ ស្ថានទូតអាមេរិក នឹងបន្តតាមដានសភាពការណ៍ ហើយជូនដំណឹងបន្ថែមដល់ពលរដ្ឋនីហ្សេរីយ៉ា»។
ចំណែក រដ្ឋាភិបាលអង់គ្លេស ក៏បានព្រមានដល់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ា ឲ្យបង្កើនការប្រុងប្រយ័ត្នផងដែរថា ការវាយប្រហារបែបនេះអាចធ្វើឡើងដោយមិនរើសអើង ហើយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនលោកខាងលិច ក៏ដូចជាកន្លែងដែលអ្នកទេសចរទៅទស្សនាក៏ថាបាន។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរនៅឯភាគឦសាន។ ភាពអសន្តិសុខដែលបានរីករាលដាល ពាសពេញប្រទេសនីហ្សេរីយ៉ា គឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោត នៅខែកុម្ភៈ ឆ្នាំក្រោយ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បន្តតំណែងពីប្រធានាធិបតី មហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari)៕