(តូក្យូ)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក ដៃស៉ិរ៉ូ យ៉ាម៉ាហ្គីវ៉ា (Daishiro Yamagiwa) គ្រោងនឹងលាលែងពីតំណែង ចំពោះមុខការអំពាវនាវកាន់តែខ្លាំងឡើងពីសំណាក់ក្រុមប្រឆាំង ដោយសារតែការបកស្រាយមិនគ្រប់គ្រាន់ អំពីទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនា Unicifation Church។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានជប៉ុន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
ការសម្រេចលាលែងពីតំណែងរបស់លោក យ៉ាម៉ាហ្គីវ៉ា នាពេលនេះ នឹងនាំឲ្យប៉ះទង្គិចដល់នាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ស្របពេលដែលការលាតត្រដាង អំពីទំនាក់ទំនងរវាងក្រុមសមាជិកសភាជិតពាក់កណ្តាល នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច ហើយនិងក្រុមសាសនា Unicifation Church បានក្លាយជាប្រធានបទមានការយកចិត្តទុកដាក់ជាខ្លាំង ក្រោយអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ត្រូវគេធ្វើឃាត កាលពីខែកក្កដា។
គួរបញ្ជាក់ថា ការធ្វើឃាតលោក អាបេ នៅឯយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី៨ ខែកក្កដា បានធ្វើឲ្យមានការលេចចេញ នូវភាពរស៉ើប អំពីទំនាក់ទំនងរវាងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី ជាមួយនិងក្រុមសាសនាខាងលើ ដែលបានអូសទាញកម្រិតប្រជាប្រិយភាព និងការគាំទ្ររបស់រដ្ឋាភិបាលលោក គីស៉ីដា ធ្លាក់ដាំក្បាលចុះជាខ្លាំង៕