(ប៉េកាំង)៖ តួអង្គដ៏សំខាន់នៅពីក្រោយ ការអភិវឌ្ឍដ៏ឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសចិនក្នុងរយៈពេល មួយទស្សវត្សរ៍ចុងក្រោយនេះ គឺបក្សកុម្មុយនីស្តចិន ដែលកំពុងប្រាព្ធធ្វើមហាសន្និបាតថ្នាក់ជាតិលើកទី២០ របស់ខ្លួន នៅពេលថ្មីៗនេះ។

បើយើងប្រៀបធៀបប្រទេសចិនទៅនឹងរាងកាយរបស់មនុស្សម្នាក់ រដ្ឋាភិបាលចិនប្រៀបដូចជាប្រព័ន្ធសរសៃឈាម ចំណែកឯបក្សកុម្មុនីស្តចិនប្រៀបដូចជាប្រព័ន្ធសរសៃប្រសាទ។ ប្រព័ន្ធទាំងពីរនេះ បំពេញមុខងារផ្សេងគ្នា ប៉ុន្តែជួយគាំទ្របំពេញឲ្យគ្នាទៅវិញទៅមក។ ប្រព័ន្ធខួរសរសៃប្រសាទ មានតួនាទីផ្ដល់ព័ត៌មានប្រាប់រាងកាយ អំពីកិច្ចការដែលត្រូវអនុវត្ត ហើយប្រព័ន្ធសរសៃឈាម មានតួនាទីផ្ដល់ជាមធ្យោបាយដើម្បីបង្កលទ្ធភាពឲ្យ រាងកាយអាចបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ មុខងារចម្បងរបស់អង្គមហាសន្និបាតបក្សកុម្មុយនីស្តចិន គឺធ្វើការកំណត់គោលដៅនិងគោលនយោបាយ របស់ប្រទេសចិនសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ជាការពិត ក្រោមការដឹកនាំរបស់បក្សកុម្មុនីស្តចិន ប្រទេសចិនសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន ដោយក្នុងចំណោមសមិទ្ធផលទាំងនោះ ប្រទេសចិនសម្រេចបានដោយជោគជ័យ នូវគោលដៅទីមួយនៃគោលដៅខួបមួយរយឆ្នាំ របស់បក្សកុម្មុនីស្តចិន ដោយបានប្រែក្លាយប្រទេសចិនទៅជាប្រទេសដែលមាន ការរីកចម្រើនគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងកម្រិតមធ្យម ដោយបានលុបបំបាត់ភាពក្រីក្រទាំងស្រុង។ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនកំពុងបោះជំហានយ៉ាងនឹងនរឆ្ពោះទៅរក ការសម្រេចគោលដៅទីពីរនៃគោលដៅខួបមួយរយឆ្នាំ របស់បក្សកុម្មុយនីស្តចិន ពោលគឺប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង រឹងមាំ ដែលមានលក្ខណៈប្រជាធិបតេយ្យ មានវប្បធម៌ខ្ពង់ខ្ពស់និងមានសុខដុម នៅត្រឹមឆ្នាំ២០៤៩។

ជាមួយនឹងកំណើននៃកម្លាំងសេដ្ឋកិច្ចសង្គមរបស់ខ្លួន ប្រទេសចិនបានបំពេញតួនាទីកាន់តែសំខាន់ និងរួមចំណែកកាន់តែច្រើនក្នុងអភិបាលកិច្ចតំបន់ និងសកល ជាពិសេស តួនាទីនិងការចូលរួមរបស់ចិនក្នុងការកសាង និងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោកទាំងមូល។ សេចក្ដីសម្រេចនានា ដោយអង្គមហាសនិ្នបាតបក្សកុម្មុយនីស្តចិន មិនត្រឹមតែមានឥទ្ធិពលទៅលើគោលនយោបាយ នៅក្នុងប្រទេសចិនខ្លួនឯងតែប៉ុណ្ណោះទេ តែថែមទាំងមានឥទ្ធិពលទៅលើស្ថានភាព នៃទំនាក់ទំនងអន្តរជាតិ ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។

ខណៈដែលពិភពលោកកំពុងជួយប្រទះ បញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដូចជាជម្លោះធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន នៅជុំវិញពិភពលោក វិបត្តិសេដ្ឋកិច្ចនិងវិបត្តិពាណិជ្ជកម្មអន្តរជាតិ ជំងឺរាតត្បាតកូវីដ១៩ បម្រែបម្រួលអាកាសធាតុ និងវិបត្តិថាមពល កែវភ្នែករបស់ឥស្សរជននយោបាយ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងសម្លឹងមើលដំណើរការនៃមហាសន្និបាតបក្សកុម្មុយនីស្តចិនយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតជាពិសេសទៅលើគោលនយោបាយ និងអាទិភាពនានាដែលនឹងត្រូវអនុម័ត ដោយអង្គមហាសន្និបាតនេះ។

និយាយម្យ៉ាងទៀត ពិភពលោក រំពឹងថាប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន នឹងដាក់ចេញនូវគំនិតផ្ដួចផ្ដើម សំណើ និងសកម្មភាពថ្មីៗបែបស្ថាបនាបន្ថែមទៀត ដែលអាចជួយកាត់បន្ថយភាពតានតឹងនៅលើឆាកអន្តរជាតិ និងរួមចំណែកដល់ការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាព របស់តំបន់ និងពិភពលោកទាំងមូល ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងសុន្ទរកថាបើកមហាសន្និបាតបក្សលើកទី២០នេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានបង្ហាញនូវសមិទ្ធផលដ៏លេចធ្លោ ដែលប្រទេសចិនសម្រេចបាន ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសចិន ដែលបង្ហាញទិសដៅនៃគោលនយោបាយក្នុងប្រទេស និងអន្តរជាតិរបស់ប្រទេសចិនសម្រាប់ពេលអនាគត។ លោកស៊ី ជិនពីង បានបញ្ចាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសរបស់ប្រទេសចិន ដែលផ្ដោតលើ «ការពង្រឹងលើកកម្ពស់ទំនាក់ទំនងអន្តរជាតិបែបថ្មី ដោយពង្រឹងនិងពង្រីកភាពជាដៃគូសកលដោយផ្អែកលើ សមភាព ភាពបើកចំហរ និងកិច្ចសហប្រតិបត្តិការ»

លោកបានសង្កត់ធ្ងន់ថា «ប្រទេសចិនប្រឆាំងដាច់ខាតចំពោះ គ្រប់ទម្រង់នៃអនុត្តរភាពវាតទីនិយម និងនយោបាយដែលប្រើអំណាចបង្ខិតបង្ខំ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារទ្វេ» និងសន្យាយ៉ាងមុតមាំថា ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព និងពង្រីកវាតទីនិយមនោះឡើយ មិនថាប្រទេសចិនមានការអភិវឌ្ឍរីកចម្រើនដល់កម្រិតណាក៏ដោយ។

និយាយម្យ៉ាងទៀត ប្រទេសចិនមិនត្រឹមតែយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍនិងសន្តិសុខរបស់ខ្លួនតែប៉ុណ្ណោះទេ តែប្រទេសចិនថែមទាំងយកចិត្តទុកដាក់និងខិតខំ «ពង្រឹងសន្តិភាពពិភពលោក ជំរុញលើកកម្ពស់ការអភិវឌ្ឍរួម និងខិតខំកសាងនិងអភិវឌ្ឍសហគមន៍មនុស្សជាតិមួយ ដែលមានអនាគតរួមគ្នា» ជាពិសេសតាមរយៈការដាក់ចេញ នូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលនឹងពង្រឹងការអនុវត្តយន្តការពហុភាគីនិយមពិតប្រាកដ លើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យអភិបាលកិច្ចសកលមានយុត្តិធម៌និងសមធម៌ជាងមុន។ ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងពីរនេះ ទៅជាសកម្មភាពជាក់ស្ដែង នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ