(កៀវ)៖ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បាននាំគ្នាច្រានចោល និងថ្កោលទោស ការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលបានអះអាងថា ទីក្រុងកៀវកំពុងមានផែនការប្រើប្រាស់ គ្រាប់បែកដែលផ្ទុកសារធាតុវិទ្យុសកម្ម នៅក្នុងទឹកដីរបស់អ៊ុយក្រែនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានជួបពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស បារាំង និងតួកគី ហើយបានលើកឡើងពីក្តីបារម្ភថា អ៊ុយក្រែនកំពុងតែត្រៀមប្រើប្រាស់នូវ «គ្រាប់បែកកខ្វក់» ដែលសំដៅលើគ្រាប់បែកមានផ្ទុកវត្ថុធាតុវិទ្យុសកម្ម។
ឆ្លើយតបការចោទប្រកាន់ខាងលើ អ៊ុយក្រែនបានចេញមុខថ្កោលទោសវាថា គឺជាការភូតកុហកដ៏គ្រោះថ្នាក់របស់រុស្ស៉ី ខណៈអាមេរិក អង់គ្លេស និងបារាំង បានចេញសេចក្តីថ្លែងការណ៍រួមគ្នាច្រានចោល នូវអ្វីដែលពួកគេហៅថាជា «ការមិនអះអាងមិនពិតយ៉ាងច្បាស់ក្រឡែត» ហើយព្រមានទីក្រុងមូស្គូប្រឆាំងនឹង ការប្រើប្រាស់លេសណាមួយ ដើម្បីបង្កើនកម្តៅនៃសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក សូយហ្គូ ក៏បានជជែកគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ផងដែរ ខណៈមន្ទីរបញ្ចកោណបាននិយាយថា ក្នុងកិច្ចសន្ទនានោះ លោក អូស្ទីន បានច្រានចោលការព្យាយាមប្រើប្រាស់លេសណាមួយ ដើម្បីបង្កើនភាពតានតឹង៕