(មូស្គូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ យន្តហោះយោធារុស្ស៉ី១គ្រឿង បានធ្លាក់ទៅចំអគារលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អៀរគូតស្កិ៍ (Irkutsk) នៃតំបន់ស៉ីបេរីរបស់ប្រទេសរុស្ស៉ី ដែលបណ្តាលឱ្យពីឡុត២នាក់បាត់បង់ជីវិត។ វាគឺជាឧបទ្ទហេតុស្រដៀងគ្នាលើកទី២ ក្នុងរយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងប្រភេទ ស៊ូខូយ (Sukhoi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
អភិបាលទីក្រុងអៀរគុតស៍ លោក អ៉ីហ្គ័រ កូបហ្សេវ (Igor Kobzev) បានឱ្យដឹងថា យន្តហោះចម្បាំង Sukhoi Su-30 មួយគ្រឿង ដែលស្ថិតក្នុងការហោះហើរសាកល្បង បានធ្លាក់ទៅបុកចំលំនៅឋានមួយខ្នង ដែលមានកម្ពស់២ជាន់។ លោក កូបហ្សេវ ក៏បានបង្ហោះឃ្លីបវីដេអូបង្ហាញពីសកម្មភាព ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ នៅកន្លែងកើតហេតុផងដែរ។ បើតាមលោកអភិបាលក្រុង ពុំមានអ្នកនៅលើដីរងគ្រោះថ្នាក់នោះទេ ប៉ុន្តែពីឡុតយន្តហោះទាំង២នាក់ បានស្លាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុន យន្តហោះចម្បាំង Sukhoi មួយគ្រឿងទៀតគឺ Su-34 បានធ្លាក់ទៅចំអគារអាផាតមិន១កន្លែង ស្ថិតក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់អ៊ុយក្រែន ហើយមនុស្សយ៉ាងហោច១៥នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ប៉ុន្តែពីឡុតយន្តហោះ បានចុចបាញ់កៅអីលោតចេញទាន់ពេលវេលា៕