(ស៉ីដនី)៖ ទីប្រជុំជនដែលរងនូវការជន់លិចរួចហើយ នៅទូទាំងភាគខាងកើតនៃប្រទេសអូស្ត្រាលី បានប្រកាសអាសន្នខ្ពស់នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ ហើយអាជ្ញាធរបានព្រមានថាអាកាសធាតុដ៏អាក្រក់ អាចនឹងបន្តរហូតដល់ចុងសប្តាហ៍នេះ និងបង្កឲ្យមានការបាក់ច្រាំងទន្លេសាជាថ្មី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

ផ្ទះនិងកសិដ្ឋានរាប់ពាន់កន្លែង ដែលនៅពាសពេញរដ្ឋញូសៅវែល (New South Wales) និងរដ្ឋវ៉ិចតូរៀ (Victoria) ជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតរបស់អូស្ត្រាលី ត្រូវបានជន់លិច ហើយមនុស្ស៥នាក់បានបាត់បង់ជីវិត ខណៈដែលវិបត្តិទឹកជំនន់លើកទី៤ នៅភាគខាងកើតប្រទេស បានឈានចូលដល់សប្តាហ៍ទី៣។ ការព្រមានអំពីទឹកជំនន់ចំនួន២០០លើក នៅតែមាននៅក្នុងរដ្ឋទាំងពីរគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះ១៣២លើក គឺនៅរដ្ឋ New South Wales។

លោក ឌៀន ណារ៉ាម័រ (Dean Narramore) មន្រ្តីការិយាល័យឧតុនិយម បានព្យាករថា «ការព្រមានអំពីទឹកជំនន់គឺមិនគួរឲ្យជឿ ... មានទន្លេជាច្រើនដែលកំពុងជួបប្រទះ ការជន់លិចពីភាគខាងត្បូងរដ្ឋ ឃ្វីនស៍លេន (Queensland) រហូតមកដល់ភាគខាងជើងរដ្ឋវ៉ិចតូរៀ»

អ្នកស្រុកនៅក្នុងផ្នែកខ្លះនៃទីក្រុងលីសម័រ (Lismore) ដែលមានប្រជាជន ៧៧,០០០នាក់ ស្ថិតនៅចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុងស៊ីដនី ដែលបានរងនូវបំផ្លិចបំផ្លាញដោយទឹកជំនន់កាលពីខែមីនា ក៏កំពុងប្រឈមមុខនឹងទឹកជំនន់មួយផ្សេងទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត២០០មីលីម៉ែត្រ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ទោះជាការព្រមានអំពីអាកាសធាតុដ៏អាក្រក់ត្រូវបានលុបចោល ប៉ុន្តែតំបន់នេះនៅតែស្ថិតក្នុងការប្រកាសអាសន្នទឹកជំនន់កម្រិតខ្ពស់៕