(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរមួយទៅកាន់លោក ស៊ី ជីនពីង ក្នុងការបោះឆ្នោតឡើងវិញ ជាមេដឹកនាំរបស់ប្រទេសចិន ដោយបង្ហាញពីបំណងចង់អភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងម៊ាំ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី២៣ ខែតុលា ឆ្នាំ២០២២។

លោក គីម បាននិយាយក្នុងលិខិតរបស់ខ្លួនថា «សមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន បានផ្តល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់បក្សនិងប្រជាជនចិន ដើម្បីជំរុញដំណើរការប្រវត្តិសាស្ត្រនៃការរស់ឡើងវិញដ៏អស្ចារ្យ នៃប្រជាជាតិចិនក្រោមបដានៃសង្គមនិយម ជាមួយនឹងចរិតលក្ខណៈរបស់ចិនក្នុងយុគសម័យថ្មី»

លោកបានបន្តថា «ខ្ញុំនឹងធ្វើការជាមួយអ្នក ដើម្បីរៀបចំអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង-ចិន ដែលស្របតាមតម្រូវការនៃសម័យកាល និងបន្តជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ»

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន សម្រាប់ អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពល ធំបំផុត ចាប់តាំងពីសម័យ លោក ម៉ៅ សេទុង មក៕