(ឡុងដ៍)៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បាន បញ្ជាក់ថា លោកនឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស ជំនួសលោកស្រី Liz Truss។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
លោកបាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃអាទិត្យនេះថា «ចក្រភពអង់គ្លេសគឺជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែយើងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ»។
លោកបានសង្កត់ធ្ងន់ថា «នេះហើយជាមូលហេតុ ដែលខ្ញុំនឹងឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នក»។
គួរបញ្ជាក់ថា លោក Sunak បានចាញ់លោកស្រី Truss ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី ដើម្បីជំនួស Boris Johnson កាលពីខែកញ្ញាកន្លងទៅ ខណៈលោកស្រី Truss បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ពោលគឺបានត្រឹមរយៈពេលត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់បានលាលែងចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែគោលនយោបាយបន្ធូរបន្ថយពន្ធដ៏អប្រជាប្រិយភាព៕