(ប៉េកាំង)៖ លោក លី ជាំង (Li Qiang) ដែលជាមនុស្សដ៏ស្មោះស្ម័គ្រម្នាក់ជាមួយលោក ស៊ី ជិនពីង ត្រូវគេបានគេរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសចិន នៅខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក លី ឃឺជាំង លាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។

តើលោក លី ជាំង ជានរណា?

លោក លី ជាំង (Li Qiang) មានអាយុ ៦៣ឆ្នាំ និងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ។ លោក លី កើតនៅក្នុងទីក្រុង វិនហ្សូ (Wenzhou) ខេត្តសេជាំង (Zhejiang) និងធ្លាប់ធ្វើលេខារបស់លោក ស៊ី ជិនពីង រយៈពេល៣ឆ្នាំ ពោលគឺនៅពេលដែលលោក ស៊ី នៅកាន់តំណែងជាលេខាធិការបក្ស កុម្មុយនិស្ដចិន ប្រចាំខេត្ត Zhejiang នៅឡើយ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧។

លោក លី ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ កាលពីឆ្នាំ២០១៧ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកត្រូវបានដំឡើងតំណែងជា ការិយាល័យនយោបាយដែលមានសមាជិក ២៥រូប។ នៅឆ្នាំ២០០២ លោក លី ជាំង ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុង វិនហ្សូ នៅអាយុ ៤៣ឆ្នាំ ដោយធ្វើឱ្យលោកក្លាយជាមន្ត្រីវ័យក្មេងជាងគេបំផុត ដែលបានកាន់តំណែងនេះ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ហើយពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោក លី បានកាន់តំណែងជាអភិបាលខេត្ត Zhejiang ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ លោក លី ជាំង ត្រូវបានដំឡើងតំណែងជាសមាជិកឈរនៅលំដាប់លេខរៀងទី២ ពីក្រោមលោក ស៊ី ជិនពីង នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលមានជាសមាជិក ៧រូប។ ការឈរនៅលេខរៀងលំដាប់ទី២នេះធ្វើឱ្យគេរំពឹងខ្ពស់ថាលោក លី ជាំង អាចនឹង ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិន៕