(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យនេះបានផ្ញើសារអបអរសាទរប្រកបដោយភាពកក់ក្ដៅ ទៅកាន់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រមុខគណបក្សកុម្មុយនិស្ដចិនជាប្រវត្តិសាស្ត្រ សម្រាប់អាណត្តិទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបានឱ្យដឹងថាលោក ពូទីន ពិតជាសប្បាយរីករាយដែលអាចនឹងបន្តកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងធ្វើការ រួមគ្នាយ៉ាងជិតស្និទ្ធ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង២។ លោក ពូទីន ក៏បានជូនពរលោក ស៊ី ជិនពីង ឱ្យជួបតែវិបុលភាព និងជ័យជម្នះ ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន សម្រាប់ អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពល ធំបំផុត ចាប់តាំងពីសម័យ លោក ម៉ៅ សេទុង មក។

ការបន្តកាន់តំណែងជាអគ្គលេខាធិការរបស់លោក ស៊ី ជិនពីង មានន័យថាលោកក៏នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣ ឬអាចអស់មួយជីវិត ក្រោយការលុបចោលការកំណត់អណត្តិប្រធានាធិបតីត្រឹម ២អាណត្តិ។ ប៉ុន្តែ ការប្រកាសជាផ្លូវការនេះទៀតសោត នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣៕