(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាយោធារបស់លោកនឹងបន្តអភិវឌ្ឍសមត្ថភាព ក្នុងការបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៉ី ដោយមានការជួយពីប្រទេសសម្ព័ន្ធមិត្ត និងជាដៃគូ ខណៈបច្ចុប្បន្នយោធាអ៊ុយក្រែនមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបានមួយភាគធំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាមួយជាវីដេអូ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា « ភូមិសាស្ត្រនៃការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយ បំផុត មានលក្ខខណៈទ្រង់ទ្រាយធំ។ ជាការពិតណាស់ យើងមិនទាន់មានសមត្ថភាពបាញ់ស្ទាក់ទម្លាក់មីស៊ីលរុស្ស៉ី និងយន្ដហោះដ្រូន ១០០ភាគរយនោះទេ។ តែ ខ្ញុំធានាថាយើងនឹងអាចសម្រេចបានសមត្ថភាពបែបនេះបន្តិចម្ដងៗ ហើយបច្ចុប្បន្ន យើងកំពុងបាញ់ទម្លាក់មីស៊ីលរុស្ស៉ីបានមួយភាគធំៗ»។ លោក ហ្សេលេនស្គី បន្ថែមថាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ភាគខាងលិច ភាគកណ្ដាល និងខាងត្បូងនៃប្រទេសអ៊ុយក្រែន បានរងការផលិតបំផ្លាញយ៉ាងដំណំដោយសារការបាញ់ផ្លោង ពីសំណាក់កងទ័ពរុស្ស៉ី។
គួរបញ្ជាក់ថា យោធាអ៊ុយក្រែនបានអះអាងថា កាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងកៀវ) មីស៉ីលប្រហែល៣៣គ្រាប់ ត្រូវបានបាញ់មករកអ៊ុយក្រែន ហើយមីស៉ីល១៨គ្រាប់ក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់ទាន់។ ចាប់តាំងពីថ្ងៃទី១០ ខែតុលា រុស្ស៉ីបានធ្វើសកម្មភាពវាយប្រហារខ្លាំងៗ តាមរយៈមីស៉ីលនិងដ្រូន មកលើហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលរបស់អ៊ុយក្រែន។ បើតាមការអះអាងរបស់ទីក្រុងកៀវ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនប្រហែល៤០ភាគរយហើយ បានរងការបំផ្លិចបំផ្លាញ។
អាជ្ញាធរនៅតាមតំបន់មួយចំនួនរបស់អ៊ុយក្រែន បានរាយការណ៍អំពី ការវាយប្រហារចំទីតាំងមូលដ្ឋានផលិតថាមពល រួមជាមួយបញ្ហាដាច់ចរន្តអគ្គិសនី ស្របពេលដែលក្រុមវិស្វករបាននិងកំពុងស្ទុះស្ទា ស្តារបណ្តាញដែលរងការខូចខាតឡើងវិញ។ ទន្ទឹមគ្នានេះ ការរឹតត្បិតការផ្គត់ផ្គង់ថាមពល កំពុងត្រូវបានអនុវត្តនៅតំបន់សរុបចំនួន១០ រួមទាំងរដ្ឋធានីកៀវផងដែរ៕