(បែរឡាំង)៖ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងចំនួន៦ របស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាបន្ថែម ក្នុងការដោះស្រាយបញ្ហាថាមពលឡើងថ្លៃ និងអតិផរណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
បាតុកម្មតវ៉ា បានធ្វើឡើងនៅក្នុងទីក្រុងបែរឡាំង (Berlin), ឌូអេសសិនដូហ្វ (Duesseldorf), ហាន់ណូវឺ (Hannover), ស្ទូតហ្កាត (Stuttgart), ដ្រេះស្ដិន (Dresden) និងទីក្រុងហ្វ្រែនហ្វឺត (Frankfurt) ដោយមានមនុស្សជាង ២៤,០០០នាក់បានចូលរួម ក្នុងនោះមាន ១,៨០០នាក់ប្រមូលផ្ដុំគ្នាតវ៉ា នៅក្នុងទីក្រុងបែងឡាំង។ «យើងចង់បង្ហាញថាពួកយើងត្រូវការជាបន្ទាន់នូវជំនួយហិរញ្ញវត្ថុសម្រាប់ប្រជាជនឱ្យមានតុល្យភាព។ រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំង តែ ប្រជាជនដែលមានប្រាក់ចំណូលទាប ត្រូវការការគាំទ្របន្ថែមទៀត»។ នេះជាការបញ្ជាក់របស់អ្នករៀបចំបាតុកម្មតវ៉ាម្នាក់ឈ្មោះ អាន់ឌ្រៀ កូសស៊ីស (Andrea Kocsis)។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើងមួយថ្ងៃ បន្ទាប់ពីសភាអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកា ១៩៥ពាន់លានដុល្លារ សម្រាប់ រដ្ឋាភិបាល យកទៅដោះស្រាយបញ្ហាថាមពលឡើងថ្លៃ និងអតិផរណា ដែលកំពុងវាយប្រហារលើបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប៕