(ប៉េកាំង)៖ នៅទីបំផុតទៅដូចការរំពឹងទុក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។

គណបក្សកុម្មុយនិស្តចិនបានបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង ២,៣០០នាក់មកពីទូទាំងប្រទេស ជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្ស ចាយពេលជាងមួយសប្ដាហ៍។ ក្រៅតែពីការប្រកាសតែងតាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការ បក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ផងដែរ ដែលនឹងដឹកនាំគណបក្សរយៈពេល៥ឆ្នាំបន្ត និងសុទ្ធសឹងតែ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក ស៊ី ជិនពីង។

គួរបញ្ជាក់ថា ការបន្តកាន់តំណែងជាអគ្គលេខាធិការរបស់លោក ស៊ី ជិនពីង មានន័យថាលោកក៏នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣ ឬអស់មួយជីវិត ក្រោយការលុបចោលការកំណត់អណត្តិប្រធានាធិបតីត្រឹម ២អាណត្តិ។ ប៉ុន្តែ ការប្រកាសជាផ្លូវការនេះទៀតសោត នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣ឯណោះ៕