(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងលោក រីស៊ី ស៊ូណាក់ (Rishi Sunak) ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលត្រូវបានគេរំពឹងខ្ពស់ថាអាច នឹងក្លាយជាបេក្ខជនប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បានជួបចរចាក្នុងជំនួបទល់មុខគ្នាមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
បើតាមសារព័ត៌មាន BBC និង Sunday Times ជំនួបរវាងលោក ចនសុន និងលោក ស៊ូណាក់ កើតមានឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានត្រឡប់ មកចក្រភពអង់គ្លេសវិញ ក្រោយសម្រាកវិសម្សកាលនៅក្នុងតំបន់ការ៉ាបៀន (Caribbean) ខណៈមានការរំពឹងជាច្រើនថាលោកនឹងចូលរួមប្រជែងយកតំណែងជា នាយករដ្ឋមន្ត្រីអង់គ្លេសសាជាថ្មី។ ប៉ុន្តែ ទាំងលោក ចនសុន និងលោក ស៊ូណាក់ មិនទាន់ប្រកាសជាផ្លូវការថាតើនឹងចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្ត្រី ជំនួសលោកស្រី លីស ត្រាស់ ដែលទើបតែលាលែងចេញពីតំណែងឬក៏យ៉ាងណានោះទេ?
គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ពោលគឺបានត្រឹមរយៈពេលត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់បានលាលែងចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែគោលនយោបាយបន្ធូរបន្ថយពន្ធដ៏អប្រជាប្រិយភាព៕