(កៀវ)៖ អាជ្ញាធរលើកបន្តុបដោយរុស្ស៉ី បានជំរុញឱ្យប្រជាជននៅក្នុងតំបន់ខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលទីក្រុងមូស្គូ ទើបតែ ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់ ចាកចេញពីទីក្រុងដ៏សំខាន់នៃតំបន់មួយនេះជាបន្ទាន់ នៅចំពោះមុខភាពជឿនលឿននៃប្រតិបត្តិការ វាយបករបស់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
ប្រកាសខាងលើ កើតមានឡើងចំពេលដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានបាញ់ផ្លោងគ្រាប់រ៉ុក្កែតចំនួន៣៦គ្រាប់ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែស្ថានការណ៍តានតឹងនៅសមរភូមិ និងការកើនឡើងគ្រោះថ្នាក់នៃការបាញ់ផ្លោងលើទីក្រុង ព្រមទាំងការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម ជនស៊ីវិលទាំងអស់ត្រូវចាកចេញជាបន្ទាន់ពីទីក្រុង ដោយឆ្លងទៅច្រាំងខាងឆ្វេងនៃទន្លេឌីនីភឺ (Dnieper)»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីបានជម្លៀសប្រជាជនក្នុងតំបន់ខឺសុនជាបន្តបន្ទាប់ ដោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មានប្រជាជន ប្រមាណ ២៥,០០០នាក់ បានឆ្លងទន្លេ Dnieper៕