(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) និងសមាជិក៣នាក់ទៀត នៃគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយ ហៅកាត់ថា PSC ដ៏មានឥទ្ធិពលបំផុត នៅក្នុងគណបក្សកុម្មុយនិស្តចិន គឺមិនមានឈ្មោះនៅក្នុងគណៈកម្មាធិការមជ្ឈិម ដែលទើបបោះឆ្នោតជ្រើសរើសថ្មីនាថ្ងៃសៅរ៍នេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសបិទបញ្ចប់សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលប្រារព្ធឡើងជារៀងរាល់៥ឆ្នាំម្តង អ្នកតំណាងបក្សសរុបច្រើនជាង ២,០០០នាក់ បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមថ្មីរបស់បក្ស ដែលមានសមាជិក២០៥នាក់ រួមជាមួយសមាជិកបម្រុង១៧១នាក់។ លោក លី ខឺឈាំង អាយុ៦៧ឆ្នាំ ព្រមទាំងលោក លី ចានស៊ូ (Li Zhanshu) អាយុ៧២ឆ្នាំ, លោក វ៉ាង យ៉ាង (Wang Yang) អាយុ ៦៧ឆ្នាំ និងលោក ហាន ចេង (Han Zheng) អាយុ៦៨ឆ្នាំ ត្រូវបានដកចេញពីសមាសភាពគណៈកម្មាធិការមជ្ឈិមថ្មីនោះ។

សម្រាប់លោក លី ចានស៊ូ និងលោក ហាន ចេង គឺលោកទាំងពីរ ដល់អាយុដែលត្រូវចូលនិវត្តន៍ទៅហើយ។ ដោយឡែក លោក លី ខឺឈាំង វិញ គឺនឹងត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្តី នៅខែមីនា ឆ្នាំ២០២៣ កំលុងការបើកសម័យប្រជុំប្រចាំឆ្នាំនៃសភាជាតិចិន ដ្បិតរូបលោកកាន់តួនាទីនេះ បានគ្រប់២អាណត្តិហើយ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែក គណៈកម្មាធិការមជ្ឈិមថ្មីខាងលើ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើស សមាសភាពការិយាល័យនយោបាយថ្មី ដែលជាទូទៅមានសមាជិក២៥នាក់ ហើយអ្វីដែលសំខាន់បំផុតទៅទៀត គឺនឹងជ្រើសរើសសមាសភាព​គណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនោះ ដែលជាស្ថាប័នមានអំណាចធំជាងគេបំផុត នៅក្នុងគណបក្ស​កុម្មុយនិស្តចិន និងមានសមាជិក៧នាក់ ដឹកនាំដោយអគ្គលេខាធិការបក្ស គឺប្រធានាធិបតីចិន លោក ស៉ី ជិនពីង។

ក្នុងថ្ងៃដដែល គេរំពឹងថា លោក ស៉ី ជិនពីង នឹងត្រូវបានជ្រើសរើស ឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស សម្រាប់អាណត្តិទី៣ ហើយឆ្ពោះទៅបន្តកាន់អំណាចជា ប្រធានាធិបតីសម្រាប់អាណត្តិទី៣ ដូចគ្នា នៅខែមីនា ឆ្នាំក្រោយ។ រីឯក្នុងចំណោមសមាជិកទាំង៧នាក់ របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ដែលនឹងត្រូវប្រកាសថ្មីនាថ្ងៃអាទិត្យ គឺមានម្នាក់នឹងក្លាយជានាយករដ្ឋមន្រ្តីចិនថ្មី ជំនួសលោក លី ខឺឈាំង៕