(កៀវ)៖ នៅថ្ងៃសៅរ៍នេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន បានបន្តទទួលរងការវាយប្រហារដោយមីស៉ីលជាថ្មីទៀត ពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈតំបន់មួយចំនួន បានរាយការណ៍ពីបញ្ហាដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
យោធាអ៊ុយក្រែនបានអះអាងថា កាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងកៀវ) មីស៉ីលប្រហែល៣៣គ្រាប់ ត្រូវបានបាញ់មករកអ៊ុយក្រែន ហើយមីស៉ីល១៨គ្រាប់ក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់ទាន់។ ចាប់តាំងពីថ្ងៃទី១០ ខែតុលា រុស្ស៉ីបានធ្វើសកម្មភាពវាយប្រហារខ្លាំងៗ តាមរយៈមីស៉ីលនិងដ្រូន មកលើហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលរបស់អ៊ុយក្រែន។ បើតាមការអះអាងរបស់ទីក្រុងកៀវ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនប្រហែល៤០ភាគរយហើយ បានរងការបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា អាជ្ញាធរនៅតាមតំបន់មួយចំនួនរបស់អ៊ុយក្រែន បានរាយការណ៍អំពី ការវាយប្រហារចំទីតាំងមូលដ្ឋានផលិតថាមពល រួមជាមួយបញ្ហាដាច់ចរន្តអគ្គិសនី ស្របពេលដែលក្រុមវិស្វករបាននិងកំពុងស្ទុះស្ទា ស្តារបណ្តាញដែលរងការខូចខាតឡើងវិញ។ ទន្ទឹមគ្នានេះ ការរឹតត្បិតការផ្គត់ផ្គង់ថាមពល កំពុងត្រូវបានអនុវត្តនៅតំបន់សរុបចំនួន១០ រួមទាំងរដ្ឋធានីកៀវផងដែរ៕