(រ៉ូម)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាតារេឡា (Sergio Mattarella) បានផ្តល់អំណាចជាផ្លូវការឱ្យទៅ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអឺរ៉ុបមួយនេះ គឺលោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ដែលនាយករដ្ឋមន្រ្តីស្រីដំបូងគេរបស់អ៉ីតាលី ដើម្បីបង្កើតរដ្ឋាភិបាល។

រដ្ឋាភិបាលចម្រុះថ្មីខាងលើ គឺរួមផ្សំឡើងពីក្រុមគណបក្សស្តាំនិយមមួយចំនួន ដូចជាគណបក្ស Brother of Italy របស់លោកស្រី មេឡូនី ផ្ទាល់ គណបក្ស League របស់លោក ម៉ាត់តេអូ សាល់វីនី (Matteo Salvini) ដែលជាឧបនាយករដ្ឋមន្រ្តី ហើយនិងគណបក្ស Forza Italia ដែលដឹកនាំដោយអ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្រ្តីរបស់អ៉ីតាលី គឺលោក ស៉ីលវីយ៉ូ បឺលូស្កូនី (Silvio Berlusconi)។ ក្នុងចំណោមនោះ បក្សរបស់លោកស្រី មេឡូនី កាន់កាប់ក្រសួងចំនួន៩ រីឯបក្សរបស់លោក សាល់វីនី និងបក្សរបស់លោក បឺលូស្កូនី ទទួលគ្រប់គ្រង៥ក្រសួងស្មើគ្នា។

គួរបញ្ជាក់ថា គណបក្ស Brother of Italy របស់លោកស្រី មេឡូនី បានឈ្នះសំឡេងគាំទ្រច្រើនជាងគេ កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងការបោះឆ្នោតសកលមុនអាណត្តិ ដែលធ្វើឡើងក្រោយការដួលរលំនៃរដ្ឋាភិបាលចម្រុះ របស់អតីតនាយករដ្ឋមន្រ្តី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi)។ រដ្ឋាភិបាលចម្រុះរបស់លោក ដ្រាហ្គី មិនអាចឯកភាពគ្នាបាន ជុំវិញមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលអ៉ីតាលីកំពុងប្រឈម ដូចជាកំណើនអតិផរណា និងផលវិបាកក្រោយវិបត្តិកូវីដ ជាដើម។

*លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ជានរណា?

លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) កើតនៅឆ្នាំ១៩៧៧ ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ លោកស្រី មេឡូនី បានឈានជើងចូលក្នុងអាជីពនយោបាយ នៅអាយុ១៥ឆ្នាំ ហើយមុននឹងក្លាយជាសមាជិកសភានៅឆ្នាំ២០០៦ លោកស្រីក៏ធ្លាប់ធ្វើជាអ្នកកាសែតផងដែរ។ លោកស្រី មេឡូនី បានបង្កើតគណបក្ស Brothers of Italy ជាមួយអ្នកនយោបាយអ៉ីតាលីពីររូបទៀត គឺលោក អ៉ីញ៉ាស្យូ ឡា រុសសា (Ignazio La Russa) និងលោក ហ្គីដូ ក្រូសែតតូ (Guido Crosetto) នៅឆ្នាំ២០១២ និងបានក្លាយជាមេដឹកនាំគណបក្សមួយនេះនៅឆ្នាំ២០១៤។ ក៏ប៉ុន្តែក្នុងឆ្នាំ២០១៤ ដដែល លោកស្រី មេឡូនី បានបរាជ័យដោយមិនត្រូវបានជ្រើសរើសតាំង ជាសមាជិកសភាអឺរ៉ុបនោះទេ។

*តើលោកស្រី មេឡូនី ប្រកាន់គំនិតនយោបាយបែបណា?

លោកស្រី មេឡូនី ដែលមានកូនប្រុសម្នាក់ និងជាម្ដាយមិនបានរៀបការ ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយស្ដាំនិយមជ្រុលម្នាក់របស់អ៉ីតាលី ខណៈក្រុមអ្នករិះគន់បានហៅគណបក្សរបស់លោកស្រី ជាគណបក្សប្រកាន់និន្នាការ «ហ្វាស៊ីស»។ តែក្រុមអ្នកជំនាញយល់ថាក្នុងរយៈពេលខ្លី លោកស្រី មេឡូនី ដែលតែងតែរិះគន់នយោបាយរបស់ សហភាពអឺរ៉ុប ប្រហែលជានឹងមិនប្រកាន់ជំហរប្រឆាំងនឹងប្លុកមួយនេះភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំមើលថាតើគំនិត ប្រឆាំងការធ្វើសមាហរណកម្មអឺរ៉ុប របស់លោកស្រី នឹងត្រូវបានអនុវត្តជាក់ស្ដែងកម្រិតណា?

បន្ថមពីលើនេះ នៅកំលុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកស្រី ត្រូវបានគេមើលឃើញថាបានបង្ហាញជំហរ២ផ្សេងគ្នា ដោយម្ខាង លោកស្រីបានធានា ចំពោះសម្ព័ន្ធមិត្តលោកខាងលិចថាលោកស្រីនឹងគាំទ្រដល់អ៊ុយក្រែន ហើយបង្ហាញជំហរគំាទ្រណាតូ។ តែលោកស្រីធ្លាប់បានប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុបលើរុស្ស៉ី ក្រោយទីក្រុងមូស្គូក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤ ហើយជាងនេះទៅទៀត នៅក្នុងសៀវភៅរបស់លោកស្រី មានចំណជើងថា «I Am Giorgia» ចេញផ្សាយកាលពីឆ្នាំ២០២១ លោកស្រី មេឡូនី ថែមទាំងបានសរសេរថាលោក ពូទីន កំពុងការពារតម្លៃអឺរ៉ុប និងអត្តសញ្ញាណអ្នកកាន់សាសនាគ្រឹស្ត ទៀតផង។

ចំណែកឯ នៅម្ខាងទៀតលោកស្រីនៅតែជាមនុស្សដែល ប្រឆាំងនឹងការរំលូតកូន ជនអន្តោប្រវេសន៍ ការធ្វើសមាហរណកម្មអឺរ៉ុប នឹងប្រឆាំងអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលទទួលបានសិទ្ធិស្របច្បាប់ កាលពីឆ្នាំ២០១៦ អាចនឹងត្រូវបានត្រួតពិនិត្យឡើងវិញក៏ថាបាន។

*តើជ័យជម្នះរបស់លោកស្រី មេឡូនី មានន័យដូចម្ដេចចំពោះអ៉ីតាលី និងអឺរ៉ុប?

នៅពេលមានអាយុ១៩ឆ្នាំ លោកស្រី មេឡូនី ធ្លាប់បានផ្ដល់បទសម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយបារាំងជាមួយការលើកឡើងថា «អតីតមេដឹកនាំផ្ដាច់ការអ៉ីតាលី លោក បេនីតូ មូសស៊ូលេនី (Benito Mussolini) គឺជាអ្នកនយោបាយដ៏ល្អម្នាក់ ដែលបានលះបង់គ្រប់យ៉ាងដើម្បីអ៉ីតាលី។ ក៏ប៉ុន្តែ ក្រោយមកលោកស្រី បានលេបសម្ដីនេះទៅវិញដោយនិយាយថា អតីតមេដឹកនាំផ្ដាច់ការរូបនេះបានសាងកំហុសជាច្រើន។

បណ្ដាប្រទេសដឹកនាំអឺរ៉ុប និងក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ បានបង្ហាញការព្រួយបារម្ភថាលោកស្រី មេឡូនី អាចនឹងដឹកនាំប្រទេសអ៉ីតាលី ចូលក្នុងប្លុកប្រទេសអឺរ៉ុប ដែលកំពុងមានប្រជាធិបតេយ្យដើរថយក្រោយ ដូចជាហុងគ្រី និងប៉ូឡូញ។ មួយវិញទៀត ខណៈមេដឹកនាំសហភាពអឺរ៉ុបភាគច្រើន នៅក្នុងចំណោមប្រទេស ជាសមាជិកទាំង២៧ គាំទ្រសមាហរណកម្មសហភាពអឺរ៉ុប លោកស្រី មេឡូនី បានបង្ហាញជំទាស់នឹងគំនិតនេះ ហើយចង់ឱ្យអ៉ីតាលីមានស្វ័យភាពដែលនេះត្រូវបានគេ រំពឹងថាអាចនឹងបង្កភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេស ថាមពល ឬក៏គោលនយោបាយពាក់ព័ន្ធនឹងរុស្ស៉ី ជាពិសេសនៅពេលសហភាពអឺរ៉ុបត្រូវការសំឡេង ឯកច្ឆន្ទ។

តែទោះជាបែបនេះក្ដី លោកស្រី មេឡូនី បានអះអាងថាលោកស្រីមិនមែនជាអ្នកហ្វាស៊ីសនិយម និងមិនមានបំណងដឹកនាំអ៉ីតាលីតាមបែបផ្ដាច់ការនោះឡើយ ហើយបានសន្យាថានឹងមិនបង្កការរំខានដល់ស្ថិរភាពនៃប្រទេសជាតិ និងនៅក្នុងសហភាពអឺរ៉ុប ឬក៏បក្សសម្ព័ន្ធណាតូនោះទេ៕

ប្រភព៖ AFP (ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២)