(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃសៅរ៍នេះ បានព្រមានថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៉ី នឹងត្រូវចាត់ទុកជាទង្វើប្រកាន់ភាពជាសត្រូវ ប្រឆាំងនឹងមនុស្សជាតិទាំងមូល ដោយលោកបានបង្ហាញការយល់ឃើញថា ពាក្យសម្តីគំរាមម្តងហើយម្តងទៀត របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ គឺជារឿងគួរឱ្យបារម្ភខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

លោក គីស៉ីដា បាននិយាយដូច្នេះថា «សកម្មភាពព្រមានរបស់រុស្ស៉ី ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងសន្តិសុខ នៃសហគមន៍អន្តរជាតិ ហើយមិនអាចទទួលយកបានដាច់ខាត»។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានបន្តថា ពេលវេលា៧៧ឆ្នាំ ដែលពុំមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនអាចបណ្តោយឱ្យវាបញ្ចប់ទៅនោះឡើយ ខណៈបើអាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀតនោះ វានឹងជាទង្វើប្រកាន់ភាពជាសត្រូវប្រឆាំងមនុស្សជាតិ ហើយសហគមន៍អន្តរជាតិ នឹងគ្មានថ្ងៃអត់ឱនចំពោះ ទង្វើយ៉ាងដូច្នោះជាដាច់ខាត។

គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់ទទួលរងការវាយប្រហាដោយអាវុធនុយក្លេអ៊ែរ គឺកាលពីជិតចុងបញ្ចប់ នៃសង្រ្គាមលោកលើកទី២។ នាពេលនោះ សហរដ្ឋអាមេរិក បានទម្លាប់គ្រាប់បែកបរមាណូ១គ្រាប់ ទៅលើទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) នៅថ្ងៃទី៦​ ខែសីហា ឆ្នាំ១៩៤៥ ដែលបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ១៤០,០០០នាក់ ខណៈ៣ថ្ងៃក្រោយមក គ្រាប់បែកបរមាណូ១គ្រាប់ទៀត ត្រូវបានទម្លាក់ទៅលើទីក្រុងណាហ្កាសាគី (Nagasaki) ផ្តាច់ជីវិតមនុស្សប្រហែល ៨០,០០០នាក់៕