(រ៉ូម)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាតារេឡា (Sergio Mattarella) បានផ្តល់អំណាចជាផ្លូវការឱ្យទៅ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអឺរ៉ុបមួយនេះ គឺលោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ដែលនាយករដ្ឋមន្រ្តីស្រីដំបូងគេរបស់អ៉ីតាលី ដើម្បីបង្កើតរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
រដ្ឋាភិបាលចម្រុះថ្មីខាងលើ គឺរួមផ្សំឡើងពីក្រុមគណបក្សស្តាំនិយមមួយចំនួន ដូចជាគណបក្ស Brother of Italy របស់លោកស្រី មេឡូនី ផ្ទាល់ គណបក្ស League របស់លោក ម៉ាត់តេអូ សាល់វីនី (Matteo Salvini) ដែលជាឧបនាយករដ្ឋមន្រ្តី ហើយនិងគណបក្ស Forza Italia ដែលដឹកនាំដោយអ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្រ្តីរបស់អ៉ីតាលី គឺលោក ស៉ីលវីយ៉ូ បឺលូស្កូនី (Silvio Berlusconi)។ ក្នុងចំណោមនោះ បក្សរបស់លោកស្រី មេឡូនី កាន់កាប់ក្រសួងចំនួន៩ រីឯបក្សរបស់លោក សាល់វីនី និងបក្សរបស់លោក បឺលូស្កូនី ទទួលគ្រប់គ្រង៥ក្រសួងស្មើគ្នា។
គួរបញ្ជាក់ថា គណបក្ស Brother of Italy របស់លោកស្រី មេឡូនី បានឈ្នះសំឡេងគាំទ្រច្រើនជាងគេ កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងការបោះឆ្នោតសកលមុនអាណត្តិ ដែលធ្វើឡើងក្រោយការដួលរលំនៃរដ្ឋាភិបាលចម្រុះ របស់អតីតនាយករដ្ឋមន្រ្តី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi)។ រដ្ឋាភិបាលចម្រុះរបស់លោក ដ្រាហ្គី មិនអាចឯកភាពគ្នាបាន ជុំវិញមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលអ៉ីតាលីកំពុងប្រឈម ដូចជាកំណើនអតិផរណា និងផលវិបាកក្រោយវិបត្តិកូវីដ ជាដើម៕