(មូស្គូ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៉ីប្រចាំទីក្រុងមូស្គូ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា កិច្ចសន្យាសម្រាប់ការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៉ី នឹងនៅបន្តមានសុពលភាពដដែល ដោយទីក្រុងហ្សាការតា ពុំមានផែនការបោះបង់វាចោលឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៉ី លោក ចូសេ តារ៉ាវេស (Jose Taraves) បាននិយាយថា ភាគីឥណ្ឌូណេស៉ីមិនបានលុបចោលកិច្ចសន្យានោះទេ គឺវានៅដដែល ប៉ុន្តែត្រូវបន្តរង់ចាំពេលវេលាសមស្របមួយ មុនចាប់ផ្តើមអនុវត្តកិច្ចសន្យានោះ។ លោក តារ៉ាវេស មិនបានបកស្រាយលម្អិត អំពីផលលំបាកជាក់លាក់ណាមួយ ដែលរារាំងមិនឱ្យកិច្ចសន្យា អាចអនុវត្តបាននោះទេ។
គួរបញ្ជាក់ថា ដំណឹងនៃការការចុះកិច្ចសន្យាទំហំ១.១ពាន់លានដុល្លារ របស់ឥណ្ឌូណេស៉ីជាមួយរុស្ស៉ី ដើម្បីទិញយន្តហោះចម្បាំង Su-35 ចំនួន១១គ្រឿង គឺត្រូវបានគេដឹងដំបូងតាំងពីដើមឆ្នាំ ២០១៨មកម្ល៉េះ។ កាលពីខែកក្កដា ឆ្នាំ២០១៩ អតីតឯកអគ្គរដ្ឋទូតឥណ្ឌូណេស៉ី លោក ម៉ូហាម៉ាត់ វ៉ាហ៉ីដ ស៊ូព្រីយ៉ាឌី (Mohamad Wahid Supriyadi) បាននិយាយថា ការពន្យារពេលអនុវត្តកិច្ចសន្យា គឺដោយសារភាពស្មុគស្មាញនៃផែនការទិញ-លក់ ដែលពាក់ព័ន្ធទាំងទីភ្នាក់ងាររបស់រដ្ឋាភិបាល ហើយនិងក្រុមហ៊ុន។
ដោយឡែក កាលពីខែមីនា ឆ្នាំ២០២០ សារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៉ី បានសម្រេចចិត្តបោះបង់ ផែនការអនុវត្តកិច្ចសន្យាទិញយន្តហោះចម្បាំង Su-35 ទាំងនោះ ដោយសារតែបញ្ហាខ្វះខាតកញ្ចប់ថវិកា បង្កឡើងមកពីវិបត្តិកូវីដ១៩ ក៏ដូចជាដោយសារការគំរាមដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក៕