(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានបង្គាប់ឱ្យចូលខ្លួនផ្តល់សក្ខីកម្ម និងផ្តល់ឯកសារពាក់ព័ន្ធផ្សេងៗ ទៅកាន់គណៈកម្មាធិការនៃសភាតំណាងរាស្រ្ត ដែលទទួលបន្ទុកស៉ើបអង្កេតលើព្រឹត្តិការណ៍កុបកម្ម នៅវិមានកាពីតូល (Capitol) ជាវិមានសភាជាតិរបស់សហរដ្ឋអាមេរិក ដែលបានកើតឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
គណៈកម្មាធិការបានឱ្យដឹងថា ខ្លួនបានផ្ញើដីកាកោះហៅទៅកាន់លោក ដូណាល់ ត្រាំ ដែលក្នុងនោះតម្រូវឱ្យរូបលោកផ្តល់ឯកសារផ្សេងៗ ទៅកាន់គណៈកម្មាធិការ នៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ ហើយតម្រូវឱ្យលោកបង្ហាញវត្តមាន ដើម្បីផ្តល់សក្ខីកម្មនៅថ្ងៃទី១៤ ខែដដែល។ គណៈកម្មាធិការ «៦ មករា» កំពុងព្យាយាមចង់បានឯកសារជាច្រើនពីលោក ត្រាំ ដែលនឹងអាចផ្តល់ព័ត៌មានលម្អិតអំពីការទាក់ទងគ្នានានា ដែលលោកប្រហែលបានធ្វើឡើង ក្នុងកំលុងពេលប៉ុន្មានខែមុនផ្ទុះព្រឹត្តិការណ៍កុបកម្មនោះ ក៏ដូចជាការធ្វើទំនាក់ទំនងជាមួយសមាជិកសភា, ជាមួយក្រុម Oath Keepers និង Proud Boys ព្រមទាំងជាមួយទីប្រឹក្សានិងអតីតមនុស្សជំនិតៗ ដូចជា លោក រ៉ូចឺ ស្តូន (Roger Stone), លោក ស្ទីវ បាណុន (Steve Bannon), លោក មីឆែល ហ្វ្លីន (Michael Flynn), និង លោក រូឌី ហ្គូលីយ៉ានី (Rudy Giuliani) ជាដើម។
យ៉ាងណាក្តី លោក ដូណាល់ ត្រាំ កន្លងមកធ្លាប់បានចោទថា គណៈកម្មាធិការខាងលើ បង្កើតការវាយប្រហារដោយអយុត្តិធម៌ ប្រឆាំងនឹងរូបលោក ហើយទន្ទឹមគ្នាគណៈកម្មាធិការ បានបដិសេធបើកការស៉ើបអង្កេត តាមការអះអាងរបស់លោក ដែលថាមានសកម្មភាពបន្លំ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោក ត្រាំ ទំនងជានឹងមិនសហការជាមួយដីកាកោះហៅឡើយ ហើយអាចអូសបន្លាយពេល ដើម្បីរង់ចាំឱ្យគណៈកម្មាធិការ «៦ មករា» អស់អំណាច ដែលអាចនឹងកើតឡើងនៅខ្ទង់ដើមឆ្នាំក្រោយ ប្រសិនបើបក្សសាធាណរដ្ឋ ឈ្នះបានសំឡេងភាគច្រើននៅសភាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលអុកឡុកវិមានកាពីតូល បន្ទាប់ពីលោក ត្រាំ បានថ្លែងសារយ៉ាងក្តៅគគុកមួយ នៅក្បែរសេតវិមាន ដោយក្នុងនោះមានទាំងការអះអាងថា បរាជ័យរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ គឺដោយសារតែការបន្លំ៕