(ព្រុចសែល)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានថ្លែងរិះគន់ចំពោះសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តស្តង់ដាពីរ ជុំវិញតម្លៃឧស្ម័ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល លោក ម៉ាក្រុង បានអះអាងថា អាមេរិកលក់ឧស្ម័នរបស់ខ្លួនមកឱ្យអឺរ៉ុប ក្នុងតម្លៃមួយដែលខ្ពស់ជាង តម្លៃទីផ្សារក្នុងស្រុករបស់អាមេរិកផ្ទាល់ប្រហែល៣-៤ដង ដែលទង្វើនេះគឺលោកចាត់ទុកជា ការអនុវត្តស្តង់ដាពីរយ៉ាងជាក់ស្តែង។

បើតាមលោកប្រធានាធិបតីបារាំង បញ្ហាខាងលើគួរតែក្លាយជាប្រធានបទ ដើម្បីពិភាក្សាដោយការយកចិត្តទុកដាក់ ដ្បិតវាពាក់ព័ន្ធទៅនឹង​ភាពស្មោះត្រង់នៃការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តនៅអឺរ៉ុប។ លោក ម៉ាក្រុង បានបន្ថែមថា លោកមានបំណងនឹងលើកឡើងអំពីបញ្ហាតម្លៃឧស្ម័ននេះ នៅពេលលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ ខាងមុខ។

គួរបញ្ជាក់ថា ដើម្បីបំពេញតម្រូវការ ដោយសារតែការថយចុះនៃវត្តមានរោងចក្រថាមពលនុយក្លេអ៊ែរ និងការផ្អាកទាំងស្រុងរបស់រុស្ស៉ី ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិមកកាន់ប្រទេសបារាំង បារាំងបានងាកទៅរកសហរដ្ឋអាមេរិក ដើម្បីនាំចូលឧស្ម័នបន្ថែម៕