(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យលោកខាងលិចព្រមានរុស្ស៊ី កុំឱ្យបំផ្ទុះទំនប់ទឹកដ៏ធំ ដែលនឹងជន់លិចតំបន់ភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
ការអំពាវនាវនេះកើតឡើង នៅពេលដែលកងកម្លាំងរបស់អ៊ុយក្រែនកំពុងរៀបចំ ដើម្បីវាយរុញច្រានកងទ័ពរបស់ទីក្រុងម៉ូស្គូ ពីតំបន់ Kherson នៅក្នុងសមរភូមិដ៏សំខាន់បំផុតមួយនៃសង្រ្គាម។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Zelensky បាននិយាយថា កងកម្លាំងរុស្ស៊ីបានបង្កប់គ្រឿងផ្ទុះនៅខាងក្នុងទំនប់ Nova Kakhovka ដ៏ធំ ដែលរារាំងអាងស្តុកទឹកដ៏ធំសម្បើម ដែលគ្របដណ្តប់ភាគច្រើននៃភាគខាងត្បូងអ៊ុយក្រែន ហើយគ្រោងនឹងបំផ្ទុះវា។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវនេះ អ្នករាល់គ្នាក្នុងពិភពលោកត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លា និងរហ័សដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មថ្មីរបស់រុស្ស៊ី។ ការបំផ្លាញទំនប់នេះនឹងមានន័យថាជាគ្រោះមហន្តរាយទ្រង់ទ្រាយធំ»។
ទន្លេឌីនីប្រូ (Dnipro) ដ៏ធំល្វឹងល្វើយ លាតសន្ធឹងលើប្រទេសអ៊ុយក្រែន និងមានទទឹងជាច្រើនគីឡូម៉ែត្រ។ ការបំផ្ទុះទំនប់ខាងលើអាចបង្កជាគ្រោះទឹកជំនន់នៅតំបន់ខាងក្រោមវា ឆ្ពោះទៅកាន់ទីក្រុង Kherson ដែលកងកម្លាំងអ៊ុយក្រែនសង្ឃឹមថា នឹងអាចដណ្តើមបានមកវិញនៅក្នុងការឈានទៅមុខដ៏សំខាន់មួយ។
លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់សែននាក់នៅជុំវិញទន្លេឌីនីប្រូ (Dnipro) និងតំបន់ខាងក្រោមនឹងមានគ្រោះថ្នាក់ពីទឹកជំនន់យ៉ាងឆាប់រហ័ស ប្រសិនបើទំនប់នេះត្រូវបានបំផ្លាញ។ រីឯ ការផ្តាច់ការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រដ៏ធំបំផុតរបស់តំបន់អឺរ៉ុបផងដែរ។ ហើយប្រឡាយគ្រីមៀខាងជើង ដែលផ្តល់ការផ្គត់ផ្គង់ទឹកដ៏សំខាន់ដល់តំបន់គ្រីមៀ អាចនឹងត្រូវបំផ្លាញចោល៕